ក្រុមហ៊ុនរថយន្តអគ្គិសនីចិន NIO បានប្រកាសចេញរថយន្តប្រភេទ Sedan ម៉ូដែល ET7 ជាផ្លូវការ ដើម្បីប្រជែងនឹង Tesla។
រថយន្ត NIO ET7 នេះនឹងមានតម្លៃចាប់ពី ៣៧៨ ០០០យ័ន ឬស្មើនឹងខ្ទង់ ៥៨ ៣៨០ដុល្លារ ប៉ុន្តែតម្លៃនេះមិនរាប់បញ្ចូលអាគុយរបស់វាឡើយ ដែលធ្វើឲ្យវាក្លាយជាគ្រឿងរថយន្តថ្លៃបំផុត។ ទោះជាយ៉ាងណា អ្នកអាចទិញរថយន្ត ET7 ប្រភេទមានអាគុយ ក្នុងតម្លៃ ៤៤៨ ០០០យ័ន ឬស្មើនឹង ៦៩ ២០០ដុល្លារ។
រថយន្ត Sedan នេះមានបំពាក់មុខងារពិសេសៗដូចជា ចង្កៀងក្រោយ Heartbeat Taillight, ដំបូលកញ្ចក់ Laminated Glass Roof, កៅអីទាំង ២ជួរមានមុខងារកម្តៅ បញ្ចេញខ្យល់ និងម៉ាស្សា ព្រមទាំង ប្រព័ន្ធសំឡេង ២៣គ្រាប់ ជាដើម។
NIO ET7 បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧០គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រ និង ៧០០គីឡូម៉ែត្រ សម្រាប់ប្រភេទប្រើអាគុយ ១០០គីឡូវ៉ាត់ម៉ោង ខណៈប្រភេទ ១៥០គីឡូវ៉ាត់ម៉ោង អាចឲ្យវាបើកបាន ១ ០០០គីឡូម៉ែត្រឯណោះ។
រថយន្តអគ្គិសនីនេះមានកម្លាំងសរុប ៦៤៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៩វិនាទីប៉ុណ្ណោះ៕