[ទីផ្សារបរទេស] កាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តចិន Dongfeng បានប្រកាសចេញរថយន្តភីកអាប់ Dongfeng Warrior M50 នៅក្នុងប្រទេសចិន ហើយស្រដៀងទៅនឹងរថយន្ត Hummer ចម្លង ដែលបានប្រើនៅក្នុងយោធាចិនអស់រយៈពេលជាច្រើនឆ្នាំ។
ឥឡូវនេះ របាយការណ៍ថ្មីចេញពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិន បានឲ្យដឹងថា ក្រុមហ៊ុន Dongfeng កំពុងសម្ងំផលិតរថយន្តអគ្គិសនីនៃម៉ូដែល Warrior ដោយផលិតកម្មនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះតែម្តង។
ប្រភពដដែលខាងលើឲ្យបង្ហាញឲ្យដឹងទៀតថា រថយន្ត Dongfeng Warrior M50 ប្រភេទប្រើអគ្គិសនី នឹងមានប្រវែងខ្លយន ៥,២ម៉ែត្រ, កៅអីអង្គុយ៦ និងមានទម្ងន់ ៣,១តោន ហើយវានឹងក្លាយជាគូប្រជែងរបស់ GMC Hummer EV តែម្តង។
ជាមួយគ្នានេះដែរ Dongfeng ត្រូវបានគេរាយការណ៍ថា នឹងបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១៤០គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យរថយន្តអគ្គិសនីរបស់ខ្លួន រត់បានចម្ងាយ ៥០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ ភីកអាប់អគ្គិសនីនោះនឹងអាចផលិតកម្លាំងបានសរុបដល់ ១ ០៧៣សេះ ហើយដាក់លក់ក្នុងតម្លៃចន្លោះពី ៩៤០០០ ទៅ ១១០ ០០០ដុល្លារ នៅក្នុងប្រទេសចិន៕
ប្រភព ៖ carscoops