រថយន្តចិន បាននឹងកំពុងវាយលុកស្ទើរគ្រប់តំបន់ក្នុងពិភពលោកទៅហើយ សូម្បីតែកាណាដា ក៏បើកទ្វារទទួលរថយន្តចិនដោយការបន្ថូរបន្ថយពន្ធគយផងដែរ នៅសល់តែសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលរថយន្តចិនមិនទាន់ចូលបានព្រោះតែ រនាំងពន្ធគយខ្ពស់ពេក។

យ៉ាងណាមិញ ថ្មីៗនេះ CEO របស់ Ford លោក Jim Farley ត្រូវបានគេដឹងថា បានផ្តល់យោបល់ឲ្យរដ្ឋបាលដូណាល់ ត្រាំ ពិចារណាអនុញ្ញាតឲ្យក្រុមហ៊ុនចិនចូលទីផ្សារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ Bloomberg ដែលដកស្រង់ខ្លឹមសារក្នុងកិច្ចពិភាក្សាមួយរវាងលោក Jim Farley ជាមួយតំណាងលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន កាលពីខែមករា ហើយទើបតែផ្សព្វផ្សាយក្នុងខែកុម្ភៈនេះ។

CEO របស់ Ford រូបនេះ បានស្នើឲ្យរដ្ឋបាលដូណាល់ ត្រាំ រៀបចំគ្រោងការណ៍មួយក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនចិន ចូលមកអាមេរិក ប៉ុន្តែក្នុងលក្ខខណ្ឌមួយគឺចូលរួមទុនជាមួយក្រុមហ៊ុនអាមេរិក ដោយឲ្យក្រុមហ៊ុនអាមេរិកជាអ្នកកាន់ភាគហ៊ុនធំ។
បើតាមសារព័ត៌មានដដែលឲ្យដឹងទៀតថា ក្រុមហ៊ុនចិនដែលចែកចាយលក់រថយន្តនៅទីផ្សារអាមេរិកបាន គឺលុះត្រាតែរថយន្តនោះផលិតនៅលើទឹកដីអាមេរិក ហើយរោងចក្រនោះទៀតសោតក៏ត្រូវជួលបុគ្គលិកអាមេរិកមកធ្វើការដែរ។
លក្ខខណ្ឌនេះ នឹងជួយដល់ក្រុមហ៊ុនអាមេរិក និងចិន ផ្ទេរបច្ចេកវិទ្យាគ្នាទៅវិញទៅមក និងបែងចែកប្រាក់ចំណេញជាមួយគ្នាផងដែរ។ តែយ៉ាងណាក៏ដោយ ចំពោះរឿងនេះ មិនទាន់មានការសម្រេចណាមួយ និងព័ត៌មានលម្អិតបន្ថែមនៅឡើយទេ៕



















