
Lalamove ជាក្រុមហ៊ុនដឹកជញ្ជូនដ៏លេចធ្លោនៅក្នុងប្រទេសចិន កំពុងបោះជំហានដ៏ធំមួយ ងាកមកផលិតរថយន្តអគ្គិសនី (EV) ផ្ទាល់ខ្លួន ជាមួយនឹងការដាក់ឲ្យដំណើរការក្រោមម៉ាកយីហោ DuoLa Auto របស់ខ្លួននាពេលខាងមុខ។
DuoLa Bafang ជាឈ្មោះម៉ូឌែលដំបូងរបស់រថយន្ដអគ្គិសនីរបស់ក្រុមហ៊ុន Lalamove។ រថយន្ដត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការជាក់ស្ដែង ក្នុងវិស័យឧស្សាហកម្មដឹកទំនិញ ផ្ដោតលើការបង្កើនសមត្ថភាពផ្ទុក និងផ្ដល់ប្រាក់ចំណេញបន្ថែមសម្រាប់អ្នកបើកបរ។ ការផ្សព្វផ្សាយមុនការដាក់ឱ្យដំណើរការរថយន្ត DuoLa Bafang បានចាប់ផ្តើមរួចហើយនៅលើបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន Lalamove រួមមាន Lalamove DuoLa Auto និង Lalamove DuoLa Official Partner។
រថយន្ត DuoLa Bafang ជារថយន្តដឹកទំនិញ ប្រភេទទូរបិទជិតទាំងស្រុង ដែលមានការរចនាបែបប្រអប់ និងភ្ជាប់មានមុខងារប្រើប្រាស់បានល្អ។ ផ្នែកខាងមុខរបស់វាមានបន្ទះធំមួយបិទជិត និងចង្កៀងមុខរាងចតុកោណកែងបញ្ឈរ។ ចង្កៀងមុខមានរាងអក្សរ H ដែលអាចសំដៅលើអក្សរដំបូងរបស់ Lalamove ជាភាសាចិន។ កាងមុខពណ៌ខ្មៅរួមបញ្ចូលទាំងរន្ធខ្យល់ ដែលធ្វើឱ្យវាមើលទៅទាន់សម័យ និងរឹងមាំ។ រូបរាងចំហៀងត្រូវបានរចនាឡើងយ៉ាងសាមញ្ញ ដោយមានកន្លែងផ្ទុកទំនិញស្ថិតនៅពីក្រោយ មានទ្វាររ៉ូតតែមួយនៅខាងឆ្វេង។
យោងតាមឯកសារដែលបានដាក់ជូនក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន រថយន្ត DuoLa Bafang មានប្រវែង ៥ ០៩៥មម ទទឹង ១ ៨៧០មម កម្ពស់ ១ ៩៩០មម និងប្រវែងគម្លាតកង់មុខក្រោយ ៣ ៣៣០មម។
រថយន្ត DuoLa Bafang ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនីទំហំ 94 kW បំពាក់មកជាមួយជម្រើសអាគុយ៣ប្រភេទផ្សេងគ្នាក្នុងនោះរួមមាន៖ អាគុយ CATL ទំហំ 43.53 kWh, FinDreams ទំហំ 43.061 kWh, និង EVE Energy ទំហំ 41.86 kWh។ រថយន្តនេះអាចបើកបរបានចម្ងាយអតិបរមា ៣០៥គីឡូម៉ែត្រ ត្រូវបានចាត់ទុកថាគ្រប់គ្រាន់សម្រាប់ការដឹកជញ្ជូនក្នុងទីក្រុង។
ដោយសារតែការរឹតបន្តឹងបច្ចុប្បន្នលើអាជ្ញាប័ណ្ណផលិតរថយន្តអគ្គិសនីថ្មីនៅក្នុងប្រទេសចិន Lalamove បានអនុម័តគំរូ OEM (Original Equipment Manufacturer) តម្រូវឲ្យពួកគេសហការផលិតជាមួយក្រុមហ៊ុន Changan Kaicene ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Changan Automobile ។
សំណុំឯកសាររបស់ MIIT បានបង្ហាញថាក្រុមហ៊ុន Changan Kaicene បានដាក់ពាក្យស្នើសុំគំរូរថយន្តដឹកទំនិញអគ្គិសនីចំនួនបីម៉ូដែល ដែលមើលទៅមានរូបរាងដូចគ្នាទៅនិងរថយន្ដ DuoLa Bafang។ Lalamove ក៏បានកសាងបណ្តាញស្ថានីយ៍សាកថ្មកាន់តែធំទូលាយ ដើម្បីបំពេញនូវតម្រូវការប្រើប្រាស់រថយន្ដអគ្គិសនីដឹកទំនិញរបស់ខ្លួន៕