ក្រុមហ៊ុនមួយប្រកាសទិញឡាន Tesla ចំនួន១០ម៉ឺនគ្រឿង តម្លៃសរុបប្រមាណ ៤,២ពាន់លានដុល្លារ

ក្រុមហ៊ុនផ្ដល់សេវាកម្មជួលរថយន្ត Hertz របស់អាមេរិក បានប្រកាសពីការបន្ថែមរថយន្ត Tesla Model 3 ចំនួន១០ម៉ឺនគ្រឿង ទៅក្នុងឃ្លាំងរថយន្តរបស់ខ្លួននៅត្រឹមដំណាច់ឆ្នាំ២០២២ ដែលតម្លៃសរុបនៃការទិញនេះគឺប្រមាណ ៤,២ពាន់លានដុល្លារ។

ក្រោយពីឆ្លងកាត់ព្យុះភ្លៀងនៅឆ្នាំ២០២០រួចមក ក្រុមហ៊ុន Hertz បានចាកចេញពីការក្ស័យធនកាលពី៤ខែមុន ក្រោមការគ្រប់គ្រងដោយម្ចាស់ថ្មី ហើយបច្ចុប្បន្ននេះកំពុងឆ្ពោះដំណើរក្លាយជាក្រុមហ៊ុនមានរថយន្តអគ្គិសនីសម្រាប់ជួលដ៏ធំជាងគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជនដែលជួលរថយន្ត Model 3 នឹងមានសិទ្ធប្រើប្រាស់ស្ថានីយសាកភ្លើង Tesla Supercharger ខណៈដែលក្រុមហ៊ុន Hertz គ្រោងបន្ថែមស្ថានីយសាកភ្លើងរាប់ពាន់កន្លែងទៀតទៅក្នុងបណ្ដាញសកលរបស់ខ្លួន។

រថយន្ត Model 3 ដំបូងនឹងមានដាក់ឲ្យជួលចាប់ពីដើមខែវិច្ឆិកា ដោយក្រុមហ៊ុនមានគោលបំណងផ្ដល់ជូនរថយន្ត Tesla សម្រាប់ជួល នៅក្នុងទីផ្សារប្រមាណ ៦៥ នៅត្រឹមដំណាច់ឆ្នាំ២០២២ និងនៅក្នុងទីផ្សារជាង ១០០នៅត្រឹមដំណាច់ឆ្នាំ ២០២៣។

ចំនួនកុម្ម៉ង់ទិញដ៏ច្រើនសម្បើមនៃរថយន្ត Model 3 នេះគឺស្មើនឹងប្រមាណ ១០% នៃសមត្ថភាពផលិតប្រចាំឆ្នាំរបស់ Tesla។ គួរដឹងផងដែរថាក្រោយការប្រកាសពីការជួញដូរនេះ តម្លៃភាគហ៊ុនរបស់ Tesla ហក់ឡើងចំនួន ៤,៨% ធ្វើឲ្យតម្លៃលើទីផ្សារមានជិតដល់ខ្ទង់ ១ទ្រីលានទៅហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម