ក្រុមហ៊ុនយក្យរបស់ចិន ៣ ចាប់ដៃគ្នាផលិតឡានអគ្គិសនីសុទ្ធ សាកភ្លើងពេញម្តងជិះបានខ្ទង់ ៧០០ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានចាប់ដៃគ្នាជាមួយ Changan និង CATL បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Avatr 12 ប្រភេទ sedan អគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ៤១ ១៧៧ ដុល្លារ ដល់ ៦៨ ៦២៨ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លូនសរុប ៥ ០២០ ម.ម ទទឹង ១ ៩៩៩ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០២០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅជាមួយ concept បែប futuristic ស្រដៀងទៅនឹងរថយន្ត AVATR 11 ដែលមានក្រឡាខាងមុខបិទជិត ចង្កៀងមុខ LED រាងស្លីម ព្រមទាំងបំពាក់ថាសកង់ស្ព័រទំហំ ២០ អ៉ីញ និងចង្កៀងក្រោយរចនាឡើងបែប unique ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបំពាក់ ប្រព័ន្ធចាប់សញ្ញា Lidar ចំនួន៣ Ultrasonic Radar ចំនួន ១២ និងកាម៉េរាចំនួន ១៣ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែបស្ព័រ ជាមួយប្រណិតភាព កៅអីស្រោបដោយស្បែកមានមុខងារខ្យល់-កំដៅ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ចំនួន ៣ រួមមាន កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ Huawei Hamony Os system និងអេក្រង់សម្រាប់អ្នកដំណើរទំហំ ១០,២៥ អ៉ីញ រួមទាំងឧបករណ៍បំពងសំឡេងចំនួន ១៤ ចំនុចជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ដោយម៉ូទ័រអគ្គិសនី Huawei DriveONE ចំនួន ២ ផលិតកម្លាំងសរុបបាន ៥៧៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៤,៥៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ ដល់ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងគាំទ្រដោយឆ្នាំងសាកល្បឿន អាចសាកបានពី ៣០% ទៅ ៨០% ប្រើរយៈពេលតែ ១៥ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម