ក្រុមហ៊ុនវៀតណាម ត្រៀមប្រកាសចេញឡានអគ្គិសនីថ្មីពីរ លើឆាកអន្តរជាតិ

ក្រុមហ៊ុនរថយន្ត VinFast គ្រោងប្រកាសចេញរថយន្ត VF e35 និងរថយន្ត VF e36 នៅក្នុងកម្មវិធីអន្តរជាតិ Los Angeles Auto Show ដែលនឹងធ្វើ​ឡើង​នា​ខែវិច្ឆិកាខាងមុខនេះ។

រថយន្តទាំងពីរនេះនៅជាអាថ៌កំបាំងនៅឡើយ ប៉ុន្តែគេដឹងថាវានឹងជាប្រភេទរថយន្ត SUV អគ្គិសនីសុទ្ធ ហើយរថយន្ត VF e35 នឹងជាប្រភេទរថយន្ត D-segment ខណៈ​ដែលរថយន្ត VF e36 នឹងជាប្រភេទរថយន្ត E-segment ដែលមានទំហំធំជាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន VinFast បានបង្ហើបឲ្យដឹងថារថយន្តទាំងពីរនឹងមានបំពាក់ដោយប្រព័ន្ធកម្សាន្តដ៏ទំនើប ដែលមានមុខងារដូចជាជំនួយការសិប្បនិម្មិត, បច្ចេកវិទ្យាចាប់សំឡេង និងសេវាកម្មពាណិជ្ជកម្មអនឡាញផងដែរ។ រថយន្តទាំងពីរក៏ទំនងជាមានជំនួយការបើកបរទំនើបមកជាមួយផងដែរ។

គេអាចដឹងមុនផងដែរថារថយន្តទាំងពីរ នឹងមិនខុសពីរថយន្ត VF e34 ប៉ុន្មានឡើយ ដោយវានឹងប្រើប្រាស់ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ១៤៧សេះ និងបំពាក់អាគុយលីចូមដែលអាចបើកបរបានចម្ងាយ ២៨៥គីឡូម៉ែត្រពេលសាកភ្លើងពេញ។

គួរដឹងថាកម្មវិធី Los Angeles Auto Show កំណត់ថានឹងចាប់ផ្ដើមប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែវិច្ឆិកាខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម