[ទីផ្សារបរទេស] ទិន្នន័យរថយន្តចុះបញ្ជីថ្មីសម្រាប់ត្រីមាសទីមួយ នៃឆ្នាំ២០២២ លើទីផ្សារសហរដ្ឋអាមេរិក បានបង្ហាញថារថយន្តអគ្គិសនីបានដណ្ដើមចំណែកទីផ្សាររថយន្តប្រណីតតម្លៃខ្ពស់ៗបានយ៉ាងធំធេង។
ផ្អែកតាម Automotive News បានឲ្យឃើញថា Tesla នាពេលនេះត្រូវបានចាត់ទុកថាជាក្រុមហ៊ុនឈានមុខគេលើផ្នែករថយន្តតម្លៃថ្លៃ ដោយមានតួលេខចុះបញ្ជីថ្មីចំនួន ១១៣ ៨៨២គ្រឿង ដែលតួលេខនេះកើនឡើង ៥៩% ធៀបនឹងត្រីមាសទីមួយ នៃឆ្នាំ២០២១។
គួរចាប់អារម្មណ៍ផងដែរថាក្នុងចំណោមក្រុមហ៊ុនដែលលក់រថយន្តប្រណីតបានច្រើនជាងគេ មានតែ Tesla និង Genesis ប៉ុណ្ណោះ ដែលមានកំណើនការលក់ ខណៈដែលក្រុមហ៊ុនគូប្រជែងផ្សេងៗសុទ្ធតែថយចុះចំនួនលក់។
ជាក់ស្ដែងដូចជា BMW មានចំនួន ៨០ ៤៨២គ្រឿង ថយចុះ ៣% ចំណែក Lexus មានចំនួន ៦៦ ៩០៧គ្រឿង ថយចុះ ១៧%។សម្រាប់ម៉ាករថយន្ត Genesis មានចំនួន ១២ ៥៤៩គ្រឿង ដែលកើនឡើង ៥៣% ធៀបនឹងត្រីមាសទីមួយ ឆ្នាំ២០២១៕