ក្រុមហ៊ុនឡានអគ្គិសនីទើបចាប់កំណើតថ្មី ដាក់លក់ឡានតម្លៃត្រឹម ១៤០០០ដុល្លារ

ក្រុមហ៊ុនរថយន្តអគ្គិសនីថ្មីមួយមានឈ្មោះថា City Transformer បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី 2021 IAA Motorshow ហើយក៏បានដាក់បញ្ចេញនូវរថយន្តអគ្គិសនីខ្នាតតូចរបស់ខ្លួន ដែលមានសមត្ថភាពអាចពង្រីក និងបង្រួមទំហំខ្លួន ពី ១ម៉ែត្រ ទៅ ១,៤ម៉ែត្រ តាមរយៈបច្ចេកវិទ្យា Active Width Adjustment ដែលល្អសម្រាប់ការប្រើប្រាស់នៅក្នុងទីក្រុង។

ក្រុមហ៊ុនខាងលើបង្ហាញថា ៨៥% ហើយដែលមនុស្សប្រើប្រាស់រថយន្តរបស់ពួកគេដើម្បីធ្វើដំណើរនៅក្នុងទីក្រុង និងក្នុងល្បឿនដល់ ២៤គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ១៥ម៉ាយ៍ក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីជាដំណោះស្រាយ ឆ្លើយតបទៅកាន់បញ្ហាកកស្ទះចរាចរ និង ចំនួនចំណតរថយន្តមានកំណត់ ពួកគេក៏បានបង្កើតរថយន្ត City Transformer នេះឡើយតែម្តង។ រថយន្តអគ្គិសនីនេះមានប្រវែង ២,៥ម៉ែត្រ ទទឹង ១ ដល់ ១,៤ម៉ែត្រ និង កម្ពស់ ១,៥៨ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ១,៨ម៉ែត្រ។

រថយន្ត City Transformer ផ្តល់ជម្រើសបើកបរ ២ម៉ូដ គឺ City Mode ដែលបង្រួមទំហំទទឹងរបស់វា ពោលគឺពង្រួមកង់ចូលក្នុង ខណៈដែល Performance Mode នឹងពង្រីកកង់ចេញក្រៅវិញ។ វាក៏មានការឌីហ្សាញទាន់សម័យ ជាមួយនឹងចង្កៀង LED, ដំបូលកញ្ចក់ Panoramic Sunroof, ទ្វារប្រភេទ Scissor Doors ហើយអាចផ្ទុកអ្នកដំណើរបាន ២ នាក់។

រថយន្ត City Transformer ប្រើម៉ូទ័រអគ្គិសនីចំនួន ២ គ្រឿង ដែលបង្កើតកម្លាំងបាន ២០សេះ ហើយមានល្បឿនអតិបរមា ៩០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបើកបរបានចម្ងាយចន្លោះពី ១២០ ទៅ ១៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ អាគុយរបស់វាគាំទ្រមុខងារសាកល្បឿនលឿន ដោយអាចសាកបាន ៨០% ប្រើពេលត្រឹម ៣០នាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត City Transformer នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ១៤ ០០០ដុល្លារ ដល់ ១៩ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម