ក្រុមហ៊ុនឡានអាមេរិក ហៅភីកអាប់ និង SUV ជិត៦លានគ្រឿងមកវិញ ដោយសារពោងសុវត្ថិភាពជប៉ុន

ការកោះហៅរថយន្តដែលប្រើប្រាស់ពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Takata នៅតែបន្ត ស្របពេលដែល រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ National Highway Traffic Safety Administration (NHTSA) បានរុញច្រានឲ្យក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors កោះហៅភីកអាប់ និង SUV ជិត ៦លានគ្រឿង ពីស៊េរីឆ្នាំ២០០៧-២០១៤។

ស្របពេលដែលបញ្ហាលើឧបករណ៍បំប៉ោងនៃពោងសុវត្ថិភាព Takata ត្រូវបានមនុស្សជាច្រើនដឹងឮ ក្រុមហ៊ុន GM បានដាក់ញត្តិដើម្បីចៀសវាងការហៅរថយន្តទាំងនោះមកវិញ ដោយសារពួកគេជឿជាក់ថា សកម្មភាពនេះមិនត្រូវបានធានាដោយផ្អែកលើកំណត់ត្រាអង្គហេតុ និងវិទ្យាសាស្ត្រឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ការកោះហៅរថយន្តជិត ៦លានគ្រឿងត្រលប់មកវិញនេះ អាចនឹងធ្វើឲ្យពួកគេខាតបង់លុយ ១,២ពាន់លានដុល្លារឯណោះ។

ទោះជាយ៉ាងណាក៏ដោយ NHTSA គឺធ្វើតាមតែនិតិវិធីរបស់ខ្លួនប៉ុណ្ណោះ បន្ទាប់ពីពោងសុវត្ថិភាព Takata ត្រូវបានគេស្តីបន្ទោសចំពោះការស្លាប់មនុស្សចំនួន ២៧នាក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម