[ទីផ្សារបរទេស] មូលហេតុដែលក្រុមហ៊ុន Toyota ទទួលបានជោគជ័យគឺដោយសារក្រុមហ៊ុននេះស៊ូទ្រាំនឹងបញ្ហាកង្វះបន្ទះឈីបសកល។ ខណៈពេលដែលដៃគូប្រកួតប្រជែងជាច្រើនមានការកាត់បន្ថយសមត្ថភាពផលិតកម្មរបស់ខ្លួន។ ក្នុងនោះការលក់រថយន្តថ្មីរបស់ក្រុមហ៊ុន Toyota នៅក្នុងប្រទេសចិនបានលក់រថយន្តចំនួន ១,៩៤ លានគ្រឿង បានកើនឡើង ៨,២% ក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នា។
សម្រាប់រថយន្តកូនកាត់ hybrid គឺជាផ្នែកមួយនៃការលក់ ដោយមានការកើនឡើង ៥០% ស្មើ ៤៧៥,៩០០ គ្រឿង ហើយក្រុមរថយន្តប្រភេទកូនកាត់ មានចំនួនជិត ២៥% នៃការលក់សរុបកើនឡើងពី ១៧% ក្នុងឆ្នាំ ២០២០។ នេះជាលើកទីមួយហើយដែល Toyota បានបញ្ចេញតួលេខលក់ជាក់លាក់សម្រាប់រថយន្ត hybrid ដែលបានលក់ក្នុងប្រទេសចិន។
របាយការណ៍ព័ត៌មានក៏បានបង្ហាញផងដែរថា ការចូលដោះស្រាយបញ្ហាកង្វះបន្ទះឈីបបានជួយក្រុមហ៊ុន Toyota ក្នុងទីផ្សារអាមេរិកផងដែរ។ នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Toyota បានវ៉ាដាច់ការលក់បានច្រើនជាងក្រុមហ៊ុន General Motors (GM) ជាលើកដំបូង។ បន្ទាប់ពីក្រុមហ៊ុន GM បានកាន់កាប់តំណែងកំពូលនៅក្នុងទីផ្សារអស់រយៈពេលជាយូរ ពោលលក់បាន ២.៣៣ លានគ្រឿង ខណៈដែល GM លក់បានត្រឹមតែ ២,២១ លានគ្រឿងប៉ុណ្ណោះ។
ក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀតនៅក្នុងប្រទេសចិន ដូចជាការលក់របស់ក្រុមហ៊ុន Honda Motor ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចុះ ៤% មកត្រឹមតែ ១,៥៦ លានគ្រឿង ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ។ ទោះបីជាការលក់រថយន្ត Honda Hybrid បានកើនឡើង ១៦% ដល់ ២៣៣,៨០១ គ្រឿងក៏ដោយ ការលក់ទាំងមូលត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការកង្វះខាតបន្ទះឈីប។
ទន្ទឹមនឹងនេះ ការលក់រថយន្តរបស់ក្រុមហ៊ុន Nissan Motor បានធ្លាក់ចុះ ៥,២% មកនៅត្រឹម ១,៣៨ លានគ្រឿង ដែលជាការធ្លាក់ចុះ ៣ឆ្នាំជាប់ៗគ្នាផងដែរ។ ប៉ុន្តែរថយន្តខ្នាតតូចបានកើនឡើង ៧,៨% ស្មើ ២៣៤,៣០៩ គ្រឿង ចំនែកការលក់រថយន្តអ្នកដំណើរបានធ្លាក់ចុះ ៦,៤% មកនៅត្រឹម ១,១៣ លានគ្រឿងប៉ុណ្ណោះ៕