ក្នុងអំឡុងពេលសាំងកំពុងឡើងថ្លៃបែបនេះ អ្នកប្រើប្រាស់រថយន្តជាច្រើនបាននាំគ្នាសម្រុកចាក់សាំងពេញៗឲ្យហើយ និងខ្លះព្យាយាមទិញស្តុកទុកទៀតផង ដើម្បីបង្ការនូវការឡើងថ្លៃសាំងថែមទៀតនាថ្ងៃខាងមុខ។
តើបងប្អូនដឹងទេ ការដែលចាក់សាំងរថយន្តពេញៗដល់ថ្នាក់លើសកម្រិត ឬមានការហៀរសាំងចេញមកក្រៅនោះ មិនមែនជាការគិតគូរបម្រុងទុកត្រឹមត្រូវឡើយ ព្រោះវាអាចនឹងធ្វើឲ្យបងប្អូនប្រឈមមុខនឹងហានិភ័យ និងការចំណាយជួសជុលមួយតង់ទៀត។

ការពិតទៅ ធុងសាំង ឬស៊ីទែនសាំងរថយន្ត មិនខុសពីធុងទឹកស្អំសាគួរ និងប្រេងម៉ាស៊ីននោះដែរ ពោលគឺវាមានកម្រិត Full ដូចគ្នា ដែលមិនត្រូវចាក់ឱ្យលើសពីកម្រិតនេះឡើយ។ សម្រាប់ធុងសាំងរថយន្ត គឺវាមានកម្រិតកំណត់ពេញ (Full) ឬដល់ចំណុចលោតបិទអូតូនៃដៃបាញ់សាំង ដែលបងប្អូនអាចចាក់បានដល់កម្រិតនេះ ឬក្រោមកម្រិតនេះប្រសិនបើអាកាសធាតុក្តៅ ដោយមិនមានបញ្ហាអ្វីប៉ះពាល់ដល់រថយន្តនោះទេ។
យ៉ាងណាមិញ បើចាក់សាំងជ្រុលលើសកម្រិតនេះ វានឹងអាចបង្កផលប៉ះពាល់មួយចំនួនដូចខាងក្រោម៖
១.ចាក់ជ្រុលរហូតដល់ហៀរចេញក្រៅ ដែលបង្កហានិភ័យខ្លាំងដល់ការឆាបឆេះ
២. ធុងសាំងត្រូវការកន្លែងទំនេរ សម្រាប់ការរីកមាឌរបស់សាំង និងការបញ្ចេញចំហាយរបស់វា តែបើចាក់ពេញបឹបជ្រុលនោះ គឺវានឹងស្ទះហើយប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធនេះ ដែលអាចបង្កការលេចចំហេះសាំង ឬខូចកំប៉ុងធ្យូង ឬខូចបូមសាំងជាដើម
៣. ពេលខូចកំប៉ុងធ្យូង នឹងជះក្លិនសាំងខ្លាំងក្នុងកាប៊ីនរថយន្ត
៤. ប្រព័ន្ធគ្រប់គ្រងការបញ្ចេញចំហាយដំណើរការមិនល្អ ធ្វើឱ្យមានការបញ្ចេញផ្សែងខ្លាំងជាងមុនប៉ះពាល់បរិស្ថាន
៥. ខូចប៊ិចសាំង និងធ្វើឱ្យរថយន្តចុះខ្សោយ សន្ទុះ និងកម្លាំងជាដើម។

បន្ថែមលើសនេះ ប្រសិនចាក់សាំងដល់ថ្នាក់ពេញហើយទុកចោលទៀតនោះ នឹងធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ប្រព័ន្ធសាំងតែម្តង ព្រោះបើសាំងទុកចោលមិនដំណើរការសោះ វានឹងធ្លាក់ចុះគុណភាពបន្តិចម្តងៗទៅតាមរយៈពេលពិបាកដល់ការដុតបញ្ឆេះក្នុងម៉ាស៊ីន។ សារធាតុអេតាណុលក្នុងសាំងនឹងស្រូបយកជាតិទឹក ដែលធ្វើឲ្យធុងសាំងប្រឈមនឹងការពុកផុយ។ សាំងទុកកាន់តែយូរ បណ្តាលឲ្យមានកករ កម្ទេចកម្ទី ធូលីផ្សេងៗ ដែលអាចបណ្តាលឲ្យស្ទះតម្រងសាំង បូមសាំង និងប៊ិចសាំង៕














