[ទីផ្សារបរទេស] ក្រុមហ៊ុន Skyworth ដែលជាក្រុមហ៊ុនគ្រឿងអគ្គិសនីក្នុងផ្ទះ ខណៈថ្មីៗនេះពួកគេបានឈានជើងចូលទៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដោយដាក់បង្ហាញម៉ូដែលទីមួយមានឈ្មោះថា Skyworth EV6 មិនត្រឹមតែជារថយន្តសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនោះ ព្រមទាំងអាចជួយព្យាបាលរោគសញ្ញាជំងឺរ៉ាំរ៉ៃបានផងដែរ ។
ក្នុងនោះ ក្រុមហ៊ុន Skyworth និយាយថា រថយន្តអគ្គិសនី EV6 អាចព្យាបាលជម្ងឺដូចជា ព្យាបាលជំងឺរាគរូសរ៉ាំរ៉ៃ, សម្រួលសម្ពាធឈាម, ព្យាបាលជំងឺផ្លូវដង្ហើម, បង្កើនភាពស៊ាំរបស់រាងកាយ និងជាច្រើនទៀត ដោតលោក Huang Hongsheng ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Skyworth Automobile បាននិយាយអំពី EV6 នៅឯពិព័រណ៍រថយន្ត Beijing Auto show 2024 ថា “រថយន្ត Skyworth ជួយបន្ថយសម្ពាធឈាមឡើងខ្ពស់ ធ្វើអោយប្រសើរឡើងនៅប្រព័ន្ធការពាររាងកាយ ចាប់តាំងពីពេលដែលខ្ញុំបានបើករថយន្តអគ្គិសនីនេះ ជំងឹលើសឈាម ទឹកនោមផ្អែម និងជំងឺផ្សេងទៀតរបស់ខ្ញុំបានជាសះស្បាយទាំងស្រុង»។
មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានលើកឡើងពីលក្ខណៈពិសេសដ៏អស្ចារ្យមួយទៀតនៃរថយន្តអគ្គិសនី Skyworth ថា “ពួកគេអាចពន្យារអាយុជីវិតរបស់អ្នកបើកបរដល់ទៅ ៣០ឆ្នាំទៀត ដែលអាចឲ្យម្ចាស់រថយន្តមានអាយុរហូតដល់ ១០០ឆ្នាំ”។
គួរបញ្ជាក់ផងដែរថា Skyworth Automobile មិនបានបញ្ជាក់ពីរបៀបមុខងារដែលរថយន្តអាចជួយព្យាបាលភាពសុខភាពនោះទេ ប៉ុន្តែបានបង្ហាញថា រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីមានកម្លាំងបាន ២០១សេះ និងកម្លាំងរមួល ៣២០ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដែលមានតម្លៃលក់ចាប់ពី ២២ ៥៣៦ ដុល្លារនៅប្រទេសចិន ៕