នាថ្ងៃទី១២ ខែតុលាឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើការចេញលិខិតសម្រេច ការកែសម្រួលតារាងតម្លៃគិតពន្ធ សម្រាប់អនុវត្តលើរថយន្តគ្មានពន្ធ និងអាករនាំចូលមានស្រាប់ក្នុងប្រទេស បន្ទាប់ពីសង្កេតឃើញមានរថយន្តមួយចំនួន ជាពិសេសប្រភេទ ដែលមានឆ្នាំម៉ូដែល ក្រោមឆ្នាំ២០១៦ មានសភាពចាស់ ហើយម្ចាស់មានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងការបំពេញកាតព្វកិច្ចពន្ធ និងអាករ និងដើម្បីជំរុញឲ្យដំណើរការបង់ពន្ធអាករលើរថយន្តមានស្រាប់ក្នុងប្រទេសកាន់តែមានភាពរលូន ប្រកបដោយសមធម៌។
ជាមួយលិខិតសម្រេចដែលបានចេញនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានសម្រេចថ្មីទៅលើរថយន្តចង្កូតស្តាំ គ្មានពន្ធ និងអាករនាំចូល មានស្រាប់ក្នុងប្រទេស ត្រូវបន្ធូរបន្ថយតម្លៃគិតពន្ធគយ លើតម្លៃរថយន្តចង្កូតឆ្វេង តាមឆ្នាំម៉ូឌែល ៣ប្រភេទគឺ៖
១. ឆ្នាំម៉ូឌែលចាប់ពីឆ្នាំ២០១៥ ចុះបន្ថយ ២០%។
២. ឆ្នាំម៉ូឌែលចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ បន្ថយ ១៥%។
៣. ឆ្នាំម៉ូឌែលចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ បន្ថយ ១០%។
បន្ថែមពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានកំណត់ថា ចំពោះរថយន្តស្ទួចធុនធ្ងន់ ដែលមានទម្ងន់សុទ្ធលើសពី ២០តោន ត្រូវបានលើកលែងការតម្រូវឲ្យកែចង្កូត ពីស្តាំ ទៅឆ្វេង (យោងតាមលិខិត ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)៕
ដើម្បីជ្រាបកាន់តែច្បាស់សូមអានសេចក្តីសម្រចខាងក្រោម