អស់រយៈពេលជាច្រើនឆ្នាំ ពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា RAM នឹងចេញរថយន្តភីកអាប់ ដើម្បីប្រជែងនឹង Ford F-150 Raptor ប៉ុន្តែឥឡូវនេះព័ត៌មានផ្លូវការបានចេញមកហើយ។
RAM នឹងចេញរថយន្តភីកអាប់ RAM TRX ស៊េរីឆ្នាំ២០២១ ក្នុងពេលឆាប់ៗខាងមុខនេះ។ វាត្រូវបានគេដាក់បង្ហាញជាគំរូរថយន្តកាលពីឆ្នាំ២០១៦ ដោយពេលនោះមានឈ្មោះថា Ram Rebel TRX Concept។
តាមរយៈវីដេអូខ្លីថ្មីមួយដែលបានបង្ហោះលើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកនេះ RAM បានប្រកាសថា TRX នឹងបង្ហាញខ្លួននារដូវក្តៅ ឆ្នាំ២០២០ នេះតែម្តង។ គួររំលឹកឲ្យដឹងថា RAM មានគម្រោងបង្ហាញរថយន្ត TRX នៅកម្មវិធី Detroit Auto Show ក្នុងខែមិថុនានេះ ប៉ុន្តែក្រោយមកក៏លុបចោលវិញ។
យ៉ាងណាមិញ ប្រភពព័ត៌មានឲ្យដឹងថា Ram TRX ឆ្នាំ២០២១ នឹងបំពាក់ម៉ាស៊ីន Supercharged ចំណុះ ៦,២លីត្រ Hemi ដូចទៅនឹងរថយន្ត Dodge Challenger SRT Hellcat និង Jeep Grand Cherokee Trackhawk ដែរ។ មិនតែប៉ុណ្ណោះ គេរំពឹងថា វានឹងមានកម្លាំងច្រើនជាង ៧០០សេះ នៅពេលចេញលក់ផ្លូវការ៕