
ក្រុមហ៊ុន Nissan កំពុងត្រៀមពង្រីកម៉ូឌែលរថយន្ដប្រើប្រាស់អគ្គិសនីរបស់ខ្លួនបន្ថែមនៅក្នុងប្រទេសចិន ដោយគេបានធ្វើការដាក់បង្ហាញរថយន្តគម្រូ Nissan NX8 ឬក៏ N8 ជាឈ្មោះសម្រាប់ទីផ្សារប្រទេសចិន។ រថយន្ត SUV ថ្មីបន្ដផលិតឡើងក្រោមយីហោ Dongfeng Nissan ហើយបានចុះក្នុងបញ្ជីឯកសាររបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចុងក្រោយបំផុតរបស់ប្រទេសចិនជាផ្លូវការ។
រថយន្ត NX8 នឹងត្រូវផ្តល់ជូនទាំងជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ (fully electric) និងប្រភេទប្រើអគ្គិសនីលាយសាំង Plug-in Hybrid ដែលឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់ Nissan ក្នុងការពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារយានយន្តថាមពលថ្មីដែលមានការប្រកួតប្រជែងខ្ពស់របស់ប្រទេសចិន។
យោងតាមឯកសាចុះរបញ្ជីរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន រថយន្ត NX8 មានប្រវែងតួខ្លួនសរុប ៤៨៧០ មីល្លីម៉ែត្រ, ទទឹង ១៩២០ មីល្លីម៉ែត្រ, កម្ពស់ ១៦៨០ មីល្លីម៉ែត្រនិងប្រវែងគម្លាតកង់មុខក្រោយ ២៩១៧ មីល្លីម៉ែត្រ។
ក្រឡេកមកមើលការការរចនាខាងរូបរាងក្រៅបានរចនាមកជាផ្នែកខាងមុខបិទជិតដែលជាការឌីស្សាញពេញនិយមខ្លាំង លើប្រភេទរថយន្ដប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ លេងបន្ថែមជាមួយភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពេញទទឹងផ្នែកខាងមុខ និងអំពូល LED រចនាជាអក្សរ L ចំពោះផ្នែកខាងមុខមិនមានខុសប្លែកគ្នាច្រើនទេជារថយន្ដប្រភេទ Seden Nissan N7។ នៅផ្នែកចំហៀងនៅតែបន្ដប្រើដៃទ្វាររាបស្មើ ខណៈផ្នែកខាងក្រោយបានបំពាក់មកជាមួយស្ដុបរចនាអូសកាត់ជាបន្ទាត់ភ្ជាប់មកជាមួយអក្សរ Nissan នៅចំកណ្ដាល។
រថយន្ត Nissan NX8 ផ្តល់ជូននូវជម្រើសប្រព័ន្ធថាមពលពីរប្រភេទដើម្បីបំពេញតាមតម្រូវការនាពេលបច្ចុប្បន្ន៖
- ម៉ូឌែលប្រើអគ្គិសនីសុទ្ធ (Fully Electric Model): ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន (single motor) អាចផលិតកម្លាំង ២១៥ គីឡូវ៉ាត់ ឬ ២៥០ គីឡូវ៉ាត់។
- ម៉ូឌែលប្រើអគ្គិសនីលាយសាំង Plug-in Hybrid: ដំណើរដោយម៉ាសុីនចំណុះ ១.៥ លីត្រ ជាមួយម៉ូទ័រអគ្គិសនី អាចបើកបរល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រ/ម៉ោង។ Nissan NX8 ទាំងម៉ូឌែល BEV និង PHEV ត្រូវបានបំពាក់មកជាមួយអាគុយ lithium-iron phosphate ជាស្ដង់ដារ។
កន្លងទៅកាលពីដើមឆ្នាំ ២០២៥ ក្រុមហ៊ុន Dongfeng Nissan បានដាក់បង្ហាញរថយន្ដប្រភេទ Sedan ផលិតជាពិសេសសម្រាប់ទីផ្សារប្រទេសចិនគឺម៉ូឌែល N7 និង N6 រួចហើយ។ រថយន្ដទាំងពីរនេះត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងរបស់និងបច្ចេកវិទ្យារបស់ Dongfeng។ ដូច្នេះដើម្បីបង្កើនសក្តានុពលក្នុងការនាំចេញ Nissan បានកំណត់គោលដៅនាំចេញទៅទីផ្សារក្រៅប្រទេសមួយចំនួន រួមមាន អាស៊ីអាគ្នេយ៍ និង មជ្ឈិមបូព៌ា។ ដូចនេះរថយន្ត NissanNX8 ក៏ទំនងជាត្រូវបានពិចារណាសម្រាប់ការនាំចេញផងដែរ ទោះបីជាកាលបរិច្ឆេទនៃការដាក់លក់ និងតម្លៃជាក់លាក់តាមទីផ្សារនីមួយៗមិនទាន់មាននៅឡើយក៏ដោយ។ សម្រាប់ក៏រំពឹងថានឹងក្លាយជាគូប្រជែងរបស់រថយន្ដ Mazda EZ-60 ផងដែរ៕






















