ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីថ្មីថ្មោងឈ្មោះ Rivian ទទួលបានការបណ្ដាក់ទុន ២,៥ពាន់លានដុល្លារបន្ថែមទៀត ដែលមានន័យថាគិតចាប់តាំងពីដើមឆ្នាំ ២០១៩ មក ក្រុមហ៊ុនទទួលបានការបណ្ដាក់ទុកសរុបប្រមាណ ៥,៣ពាន់លានដុល្លារ។
ការបណ្ដាក់ទុនលើកចុងក្រោយនេះគឺបានពីក្រុមហ៊ុនដូចជា Soros Fund Management LLC, Coatue, Fidelity Management and Research Companyនិង Baron Capital Group ហើយម្ចាស់ភាគហ៊ុនចាស់រួមមាន Amazon និង BlackRock ក៏បានចូលរួមលើការបណ្ដាក់ទុនចុងក្រោយនេះដែរ។
គួររំលឹកថារថយន្តភីកអាប់អគ្គិសនីដែលក្រុមហ៊ុន Rivianគ្រោងថានឹងប្រកាសចេញលក់នាឆ្នាំ ២០២០ នេះ នឹងត្រូវផ្លាស់ប្ដូរដល់អំឡុងឆ្នាំ ២០២១ ខាងមុខ ព្រោះតែការផ្ទុះនូវជំងឺកូវីដ១៩។ អំឡុងពេលជាក់លាក់ណាមួយនៅឆ្នាំ ២០២១ គឺអាស្រ័យលើកត្តាជាច្រើន រួមមានរយៈពេលដែលត្រូវបិទប្រទេសផងដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩ផងដែរ។ ចំណែករថយន្ត SUV អគ្គិសនី Rivian R1S ទំនងជាត្រូវពន្យារពេលចេញលក់បន្តិចបន្តួច ដែលរថយន្ត R1S នេះដំបូងធ្លាប់បានកំណត់ថានឹងចេញលក់នៅដើមឆ្នាំ ២០២១៕