ក្រុមហ៊ុន Hyundai ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការប្រកាសអំពីព័ត៌មានលម្អិតរបស់រថយន្ត Hyundai Nexo ឆ្នាំ២០២១ ដែលជារថយន្តដើរដោយថាមពលអ៊ីដ្រូសែន ដូចទៅនិងរថយន្ត Toyota Mirai ដែរ។
Hyundai Nexo វានឹងផ្ទុកជាមួយធុងអ៊ីដ្រូហ្សែនទំហំ ១៥៦,៥លីត្រ ឬ ទំហំ ៩៥kW ដែលអនុញ្ញាតអោយវាបើកបរបានចំងាយ ៦៦៦គីឡូម៉ែត្រ ពេលចាក់ពេញ។ បន្ថែមពីនេះវាក៏មានបំពាក់ជាមួយកញ្ចប់អាគុយទំហំ ១,៥៦kWh និងម៉ូទ័រអគ្គិសនីមួយ ដែលអនុញ្ញាតអោយវាបង្កើតកម្លាំងបានសរុប ១៣៥kW ឬ ១៦១សេះ និងកម្លាំងរមួល ៣៩៥ញូតុនម៉ែត្រ។
Hyundai Nexo ឆ្នាំ២០២១ បានបំពាក់ចង្កៀង LED, ដំបូលកញ្ចក់ Sunroof, ឃ្លុបក្រោយបើក-បិទដោយថាមពលអេឡិចត្រូនិច និងយ៉ាន់ ១៩អ៊ីញមកស្តង់ដារ។ ជាមួយគ្នានេះដែរ វាក៏បំពាក់កុងទ័រឌីជីថល ៧អ៊ីញ និងអេក្រង់កម្សាន្ត ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay, រន្ធសាកថ្មឥតខ្សែ, កាំម៉េរា ៣៦០ដឺក្រេ ព្រមទាំងប្រព័ន្ធសំឡេង Krell ៨គ្រាប់ទៀតផង។
រីឯសុវត្ថិភាពវិញ Nexo ឆ្នាំ២០២១ មានបំពាក់មុខងារដូចជា Forward and Reverse Autonomous Emergency Braking, Blind-spot Monitoring and collision-avoidance, Rear Cross-traffic Alert, Adaptive Cruise Control និងប្រព័ន្ធរក្សាគន្លងផ្លូវ៕