[បរទេស] ក្រុមហ៊ុនផលិត Lordstown Motors បានធ្វើការប្រកាសថា ខ្លួនបានចាប់ផ្តើមផលិតរថយន្តភីកអាប់ Endurance នៅរោងចក្រ Foxconn Ohio ដោយរថយន្តពីរគ្រឿងដំបូងនឹងរំកិលចេញពីការផលិត និងរថយន្តបន្ទាប់នឹងបញ្ចប់ការផលិតក្នុងរយៈពេលខ្លី។ ក្នុងនោះ Lordstown សង្ឃឹមថានឹងដឹកជញ្ជូនរថយន្ត ៥០ គ្រឿងដល់អតិថិជននៅឆ្នាំ ២០២២ ហើយនៅសល់ ៤៥០ គ្រឿងទៀត ត្រូវបានគេរំពឹងថានឹងដឹកជញ្ជូននៅឆមាសទីមួយនៃឆ្នាំ ២០២៣។
បច្ចុប្បន្នក្រុមហ៊ុននៅតែបន្តការសាកល្បង និងកំពុងបញ្ចប់កម្មវិធី software update មុនពេលរថយន្តដំបូងត្រូវបានបញ្ជូនទៅម្ចាស់របស់ពួកគេ។ ក្នុងនោះ ការធ្វើតេស្តសុវត្ថភាពក៏ត្រូវបានបញ្ចប់ ខណៈពេលដែលកម្មវិធី EPA និង CARB ត្រូវបានបញ្ជូលរួចរាល់។ Lordstown សង្ឃឹមថានឹងបញ្ចប់ត្រីមាសនេះជាមួយនឹងសាច់ប្រាក់ និងសមមូលសាច់ប្រាក់ចំនួន ១៩៥ លានដុល្លារ ហើយបន្តស្វែងរកជម្រើសបង្កើនដើមទុន រួមទាំងភាពជាដៃគូយុទ្ធសាស្ត្រ។
គួរឲ្យដឹងថា ភីកអាប់ Lordstown Endurance ត្រូវបានដាក់បង្ហាញដំបូងក្នុងខែមិថុនា ឆ្នាំ ២០២០ និងបង្ហាញខ្លួននៅលើទីផ្សារដំបូងត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ ២០២១ ប៉ុន្តែដោយសារកង្វះខាតគ្រឿងបរិក្ខា និងបញ្ហាថវិកា វាត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២២។ កំណែផលិតចុងក្រោយនៃរថយន្តនេះត្រូវបានដាក់តាំងបង្ហាញកាលពីប៉ុន្មានសប្តាហ៍មុននៅឯ Detroit Auto Show ដែលស្ថិតក្នុងចំណោមការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ North American Truck of the Year 2023។
ទាក់ទាងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់Lordstown Endurance ដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ៥៥០ សេះ ផ្គួបជាមួយអាគុយទំហំ ១០៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣២២ គីឡូម៉ែត្រក្នុងការសាកថ្មម្តង តាមការប៉ាន់ស្មានពីអង្គការ EPA ជាគូប្រជែងរួមមាន Ford F-150 Lightning, Rivian R1T និងរថយន្តភីកអាប់អគ្គិសនីផ្សេងទៀតដែលនឹងមកដល់ទីផ្សារក្នុងពេលខាងមុខនេះ៕