គូរប្រជែងគីឡូធ្ងន់របស់ Ford F-150 Lightning បង្ហាញខ្លួនផ្លូវការ ជាមួយសមត្ថភាពបើកបរបានចម្ងាយ ៦៤៤គីឡូម៉ែត្រ

[REVIEW+] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការបង្ហាញចេញនូវរថយន្តភីកអាប់អគ្គសនី Chevrolet Silverado EV ឆ្នាំ២០២៤ ជាផ្លូវការ ដែលត្រូវបានផលិតឡើងជារថយន្តភីកអាប់អគ្គិសនីពេញលេញ ជាមួយការរួមបញ្ជូលគ្នារវាង សមត្ថភាព ថាមពលកម្លាំង និងភាពប៉ិនប្រសប់។

បើនិយាយរថយន្តអគ្គិសនីនេះ វាមើលទៅពិតជាខុសគ្នាទាំងស្រុងពីម៉ូឌែល Silverado ឆ្នាំ២០២២ ដោយត្រូវបានផលិតឡើងជាមួយការប្រើប្រាស់នូវគ្រោងឆ្អឹង Ultium EV platform របស់វិស្វកម្មដ៏អស្ចារ្យក្រុមហ៊ុន GM។ វាត្រូវបានក្រុមហ៊ុន Chevrolet ផ្តល់ជូននូវជម្រើសចំនួន ២ម៉ូឌែល ដោយរួមមាន RST First Edition មានតម្លៃចេញពីរោងចក្រចាប់ពី ១០៥ ០០០ដុល្លារ និងចាប់ពី ៣៩ ០០០ដុល្លារ សម្រាប់ម៉ូឌែល WT។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះផងដែរ ក្រុមហ៊ុន Chevrolet ពុំទាន់បង្ហាញចេញនូវព័ត៌មានលម្អិតនៃម៉ូឌែល WT នៅឡើយ ដោយបានបង្ហាញសម្រាប់តែម៉ូឌែល RST First Edition ដោយវាបានបំពាក់មកជាមួយថាសកង់ទំហំ ២៤អ៊ីញ, កុងទ័រឌីជីថលទំហំ ១១អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ១៧អ៊ីញ, អេក្រង់បង្ហាញព័ត៌មានបាញ់លើកញ្ចក់ Head-up Display, ដំបូលប្រភេទកញ្ចក់, កៅអីស្បែក ២ពណ៌ ដែលរំលេចជាមួយថ្នេរដេរពណ៌ក្រហម និងកាន់ងាយស្រួលជាមួយ Console កណ្តាលអាចផ្ទុកបាននូវសម្ភារៈចំនួន ៣១,៨លីត្រ។

បន្ថែមពីនេះ វាបំពាក់មកជាមួយប្រព័ន្ធចង្កូតវិលកង់ទាំង៤ (Four-wheel steering), Super Cruise hand-free ក្នុងការអូសសណ្តោង, ប្រព័ន្ធប៊ូមខ្យល់ Adaptive air Suspension ដែលអាចលើក ឬទម្លាក់កម្ពស់រថយន្តបានចំនួន ២អ៊ីញ និងកាន់តែពិសេសជាមួយ Multi-Flex Midgate ដែលអនុញ្ញាតអោយម្ចាស់រថយន្តពង្រីកទ្រុងក្រោយចូលទៅខាងក្នុងកាប៊ីនដាក់ឥវ៉ាន់បានរហូតដល់ប្រវែង ២,៧៤៣ម៉ែត្រ ហើយប្រសិនបើពុំគ្រប់គ្រាន់នោះទេ Multi-Flex Tailgate អាចទម្លាក់ខ្លួនចុះ ដើម្បីផ្តល់នូវទំហំផ្ទុកនៅទ្រុងក្រោយបានរហូតដល់ ៣,៣០២ម៉ែត្រ។

ភីកអាប់ Chevrolet Silverado EV នឹងចេញជាផ្លូវការនាចន្លោះខែមីនា ឆ្នាំ២០២៣ ជាមួយម៉ូឌែលដំបូង WT ដែលវាមានកម្លាំងសរុប ៥១០សេះ និងកម្លាំងរមួល ៨៣៤ញ៉ូតុនម៉ែត្រ។ យោងតាមការប៉ាន់ស្មានរបស់ GM រថយន្តនេះអាចបើកបរបានចម្ងាយប្រហែល ៦៤៤គីឡូម៉ែត្រ រួមជាមួយសមត្ថភាពនៃការដឹកជញ្ជូនបាន ៥៩០គីឡូក្រាម និងអូសសណ្តោងបានទម្ងន់ ៣​៦២៨គីឡូក្រាម ដែលបានភ្ជាប់មកជាមួយ Mode ក្នុងការបើកបរដូចជា Tow/Haul, ប្រព័ន្ធ hitch Guidance System និង Integrated Trailer brake Controller។

ចំណែកឯម៉ូឌែល RST First Edition នឹងបង្ហាញវត្តមាននៅចន្លោះខែកញ្ញា ដោយភ្ជាប់មកជាមួយប្រព័ន្ធបើលបរប៉ុងពីរ និងម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចផលិតកម្លាំងសរុបបាន ៦៦៤សេះ និងកម្លាំងរមួល ១ ០៥៦ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះ វានឹងភ្ជាប់ជាមួយ Wide Open Watt Mode ដែលអាចអាចអនុញ្ញាតអោយរថយន្តស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេលត្រឹម ៤,៥វិនាទី និងមានរយៈចម្ងាយបើកបរបានហូតដល់ ៦៤៤គីឡូម៉ែត្រ។

សម្រាប់រថយន្តទាំង ២ម៉ូឌែលនេះ នឹងមានសមត្ថភាពក្នុងការសាកថ្មល្បឿនលឿនរហូតដល់ ៣៥០គីឡូវ៉ាត់ ដែលជួយអោយវាបើកបរបានចម្ងាយរហូតដល់ ១៦០គីឡូម៉ែត្រ នៅពេលសាកថ្មត្រឹមរយៈពេល ១០នាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម