នៅពេលប្រេងម៉ាស៊ីនស្រកចុះខុសធម្មតា ឬសម្ពាធក្នុងធុងប្រេងម៉ាស៊ីនរថយន្តធ្លាក់ចុះ សញ្ញាភ្លើងអាសន្នរូបប្រេងម៉ាស៊ីននឹងលោតឡើងបង្ហាញលើកុងទ័រ។ ប្រសិនភ្លើងនេះលោតឡើងពេលកំពុងបើកបរ អ្នកត្រូវអែបរថយន្តទៅម្ខាង និងបញ្ឈប់ដំណើរការម៉ាស៊ីនជាបន្ទាន់ ព្រោះបើបើកបរទាំងប្រេងម៉ាស៊ីនតិច ឬគ្មាននោះ រថយន្តអាចនឹងត្រូវរលត់បង្កជាគ្រោះថ្នាក់ពេលបើកបរជាមិនខាន។
ខាងក្រោមនេះជាចំណុចគួរដឹងពេលភ្លើងសញ្ញាប្រេងម៉ាស៊ីនលោតឡើង ៖
១. បញ្ឈប់រថយន្តភ្លាម
ត្រូវឈប់រថយន្តឱ្យបានលឿន និងសុវត្ថិភាពបំផុត ហើយធ្វើការឆែកមើលកម្រិតប្រេងម៉ាស៊ីន។ ប្រសិនបើប្រដាប់វាស់ស្ងួត ឬមានកម្រិតប្រឡាក់តិច មានន័យថា អ្នកកំពុងមានបញ្ហាជាមួយប្រេងម៉ាស៊ីនស្រកខុសប្រក្រតី ឬលេចធ្លាយនៅកន្លែងណាមួយ។ ករណីនេះអ្នកមិនគួរបើកបរបន្តទៀតនោះទេ។
២. ហេតុផលនៃការលោតភ្លើង
វាអាចបណ្ដាលមកពីសម្ពាធក្នុងធុងប្រេងម៉ាស៊ីនធ្លាក់ចុះ។ សម្ពាធប្រេងធ្លាក់ចុះមានន័យថា ធុងប្រេងមិនមានប្រេងគ្រប់គ្រាន់ និងកង្វះជាតិរំអិលសម្រាប់ដំណើរការគ្រឿងម៉ាស៊ីនដែលរវៃ។ ដូចនេះប្រសិនបើភ្លើងសញ្ញាលោតឡើង អ្នកត្រូវបញ្ឈប់រថយន្តហើយស្វែងរកជំនួយទើបប្រសើរ។
៣. ផលប៉ះពាល់
ការបើកបរទាំងប្រេងម៉ាស៊ីនមានកម្រិតទាប ឬសម្ពាធប្រេងក្នុងធ្លាក់ចុះ អាចធ្វើឱ្យម៉ាស៊ីនខូចខាតធ្ងន់ធ្ងរ ឬខ្ទេចម៉ាស៊ីនតែម្ដង។ ហេតុដូចនេះ នៅពេលភ្លើងសញ្ញាអាសន្នលោត អ្នកត្រូវបញ្ឈប់រថយន្តជាបន្ទាន់ បើមិនចង់ចាយលុយច្រើនលើការជួសជុល ឬទិញម៉ាស៊ីនឡានថ្មី៕