
សម្រាប់ប្រវត្តិរបស់លោក Akira Nakai មុនពេលក្លាយជាបុគ្គលល្បីឈ្មោះនៅក្នុងពិភពរថយន្ត Porsche នាពេលសព្វថ្ងៃនេះ គាត់គឺជាអ្នក Drift ឡានម្នាក់នៅក្នុងប្រទេសជប៉ុន។ គាត់បានចាប់ផ្ដើមដំបូងជាមួយរថយន្ត Toyota AE86 របស់គាត់ ហើយបន្ទាប់មកក៏បានបង្កើតនូវក្រុមមួយមានឈ្មោះថា Rough World ដើម្បី Drift ឡាន និងប្រកួត។

ក្រោយមក បន្ទាប់ពីដាច់ចិត្តជាមួយ AE86 គាត់ក៏៏បានប្ដូរចិត្តមកស្រលាញ់ឡាន Porsche 911 វិញ។ ក្នុងអំឡុងពេលនោះ គាត់ក៏បានប្ដូរឈ្មោះក្រុមពី Rough World មកជា Rauh-Welt Begriff វិញផងដែរ ដែលក្នុងពេលសព្វថ្ងៃនេះ គេហៅកាត់ថា RWB ។ ហើយឡានដែលធ្វើឱ្យលោក Akira Nakai ល្បីខ្លាំងបំផុតនោះគឺឡាន Porsche 911 ពណ៌ខ្មៅ ដែលគាត់ដាក់ឈ្មោះថា Stella Artois ដែលដាក់តាមឈ្មោះស្រាបៀរដែលគាត់ចូលចិត្ត។

ក្នុងនោះ អ្វីដែលធ្វើឱ្យ Akira Nakai មានការចាប់អារម្មណ៍បំផុតក្នុងក្រសែភ្នែកអ្នកលេងឡាននោះគឺរបៀបធ្វើការរបស់គាត់ ដោយគាត់ផ្ទាល់ គឺគាត់មិនប្រើប្រាស់នូវខ្សែម៉ែត្រ ឬបច្ចេកវិទ្យាទំនើបៗដើម្បីកាត់តួឡាននោះឡើយ។ គាត់ប្រើតែក្រសែភ្នែក អារម្មណ៍ និងបទពិសោធន៍រាប់សិបឆ្នាំរបស់គាត់ប៉ុណ្ណោះ។ ដោយរាល់ការកាត់ និងការចាប់គ្រឿងបង្គុំរបស់គាត់ គឺធ្វើឡើងដោយដៃផ្ទាល់ ១០០%។ ហើយគាត់គឺចំណាយពេលត្រឹមតែ ២ ឬ ៣ថ្ងៃប៉ុណ្ណោះ ដើម្បីបញ្ចប់ Project ឡានមួយគ្រឿងទាំងមូល ពោលគឺមិនសូវឈប់សម្រាកនោះឡើយ។

ចំពោះចំណុចពិសេសរបស់ Nakai-san នៅពេលធ្វើការ គេតែងតែឃើញគាត់អង្គុយសម្លឹងមើលរូបរាងឡានយ៉ាងផ្ចិតផ្ចង់ ហាក់ដូចជាកំពុងសន្ទនាជាមួយវាអញ្ចឹង ដែលនេះគឺជាស្ទាយប្រចាំត្រកូលរបស់លោកតែម្តង ហើយគាត់គឺមិនដែលធ្វើឡាន ២ គ្រឿងដូចគ្នានោះឡើយ។

គួរបញ្ជាក់ថា បើទោះបីជាលោក Akira Nakai គឺជាបុគ្គលល្បីឈ្មោះកម្រិតពិភពលោក និងរកចំណូលបានច្រើនក៏ដោយ ក៏ប៉ុន្តែគាត់គឺមិនដែលខ្វល់ពីរឿងសម្ភារៈនិយមនោះឡើយ ដោយគាត់ខ្វល់តែរឿងឡានដែលគាត់កំពុងធ្វើប៉ុណ្ណោះ។ តួយ៉ាងដូចជាការស្លៀកពាក់ និងការដេកជាមួយឡាននៅក្នុងហ្គារ៉ាស់ជាដើម។ សរុបមក លោក Akira Nakai ឡូយត្រង់ថាគាត់រស់នៅក្នុងពិភពផ្ទាល់ខ្លួនរបស់គាត់ ហើយធ្វើអ្វីដែលគាត់ស្រឡាញ់៕













