Honda បានបង្ហាញចេញជាផ្លូវការនូវរថយន្ត Civic Prototype ស៊េរីឆ្នាំ ២០២២ ដែលជាគំរូនៃការឌីហ្សាញរបស់រថយន្ត Civic ជំនាន់ថ្មី។ ត្បិតថាវាមានឈ្មោះជាផលិតផលគំរូ ប៉ុន្តែផលិតផលសម្រេចអាចនឹងមានរូបរាងមិនខុសពីនេះប៉ុន្មានឡើយ។
គំរូរាងរថយន្ត Civic ជំនាន់ទី១១ ឃើញថា Honda បានផ្លាស់ប្ដូរមកប្រើប្រាស់ការឌីហ្សាញថ្មីកាន់តែទាន់សម័យ ដែលខុសប្លែកពីជំនាន់បច្ចុប្បន្នតែម្ដង។ Honda បាននិយាយថាផលិតផលសម្រេចនៃ Civic ជំនាន់ថ្មីនឹងបង្ហាញមុខនៅសហរដ្ឋអាមេរិកអំឡុងត្រីមាសទីពីរនៃឆ្នាំ ២០២១ ដោយដំបូងគឺបង្ហាញចេញប្រភេទ Sedan រួចហើយទើបចេញប្រភេទ Civic Hatchback, Civic Si និង Civic Type R ជាបន្តបន្ទាប់។
ក្រៅពីមានការឌីហ្សាញថ្មីហើយនោះ Honda និយាយថារថយន្ត Civic នឹងមានបំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពថ្មីៗមួយចំនួន ដូចជាបច្ចេកវិទ្យា Honda Sensing ជំនាន់ថ្មី និងបច្ចេកវិទ្យាជំនួយដល់ការបើកបរ និងមានមកជាមួយនូវពោងសុវត្ថិភាពដែលឌីហ្សាញថ្មីទៀតផង។ បន្ថែមពីនេះក៏មានប្រើប្រាស់គ្រោងឆ្អឹងថ្មីដែលអាចការពារការប៉ះទង្គិចបានល្អប្រសើរជាងមុនផងដែរ៕