[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus ប្រចាំនៅប្រទេសវៀតណាម បានធ្វើការដាក់បង្ហាញគំរូរថយនអគ្គិសនី Lexus LF-Z Electrified concept នៅក្នុងព្រឹត្តិការណ៍ពិពរណ័រថយន្ត VMS 2022 នៅក្នុងប្រទេសរបស់ខ្លួន។
គំរូរថយន្តត្រូវបានដាក់បង្ហាញជាសកលកាលឆ្នាំមុន ដោយម៉ូដែលនេះប្រើប្រាស់ភាសាការរចនាថ្មី ការបើកបរដ៏មានប្រសិទ្ធិភាព និងបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុននាពេលអនាគត។ ក្នុងនោះ Lexus គ្រោងនឹងអភិវឌ្ឍរថយន្ត Lexus LF-Z ទៅជារថយន្តពាណិជ្ជកម្មនៅឆ្នាំ ២០២៥ ដែលមានការរចនាដោយសង្កត់ធ្ងន់ទៅលើភាពប្រណិត និងភាពទំនើប ដែលមានប្រវែង ៤ ៨៨០ ម.ម ទទឹង ១ ៩៦០ ម.ម កំពស់ ១ ៦០០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។
ផ្នែកខាងក្នុងនៃម៉ូដែលនេះត្រូវបានរចនាបែបអនាគតជាមួយជាភាសា Tazuna (មានន័យថា reins ជាភាសាជប៉ុន) និងភ្ជាប់មកជាមួយប្រព័ន្ធ AI ជំនួយដល់អ្នកបើកបរតាមរយៈសំឡេងដ៏ឆ្លាតវៃ, ឧកបរណ៍បំពងសំឡេងកម្រិតខ្ពស់ម៉ាក Mark Levinson ។ បន្ថែមជាមួយកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ដោយនោះអេក្រង់ជាប់គ្នា ឧបករណ៍បញ្ជាមុខងារផ្សេងៗមានទីតាំងនៅជុំវិញតំបន់ដៃចង្កូត។
ទាក់ទឹងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តអគ្គិសនី Lexus LF-Z បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចផលិតកម្លាំងបាន ៥៣៦ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយលីចូមទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេល ៣ វិនាទី និងល្បឿនអតិបរមា 200 គីឡូម៉ែត្រ/ម៉ោង ជាមួយប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់៕