ម៉ាស៊ីនរថយន្ត Ferrari ១២ ស៊ីឡាំងដែលប្រើលើរថយន្ត Formula 1 ត្រូវគេប្រទះឃើញដាក់លក់លើវិបសាយលក់ទំនិញអនឡាញ eBay ជាមួយតម្លៃរហូតដល់ ៣៧៥ ០០០ ដុល្លារឯណោះ (មិនទាន់មានអ្នកទិញនៅឡើយទេ)។
អ្នកលក់បានអះអាងថាម៉ាស៊ីនគឺមានម៉ូដែល Tipo 044/1។ ដែលនេះមានន័យថាវាផលិតឡើងសម្រាប់ការប្រណាំងរថយន្ត Formula 1 រដូវកាលឆ្នាំ ១៩៩៥ មានចំណុះ ៣,០ លីត្រ ដែលមានទម្ងន់ប្រមាណ ១៣២ គីឡូក្រាមឯណោះ។ ម៉ាស៊ីននេះមានអាយុកាលប្រមាណ ២៥ ឆ្នាំ ប៉ុន្តែវាអាចផលិតកម្លាំងបាន ៧៦០ សេះ។
អ្នកដែលដាក់លក់មិនបានប្រាប់អំពីស្ថានភាពលម្អិតរបស់ម៉ាស៊ីន ដូចជាថាវាត្រូវប្រើក្នុងការប្រកួតណាមួយក្នុងរដូវកាលឆ្នាំ ១៩៩៥ នោះទេ។ រូបភាពដែលបង្ហាញធ្វើឲ្យគេយល់ថាម៉ាស៊ីននេះគេទើបកែលម្អថ្មីៗនេះឯង៕