ឃាត់ទុករថយន្តរាប់រយគ្រឿង ដោយសារតែមិនប្រក្រតី

“គំនិតផ្តួចផ្តើមរបស់ឯ.ឧ.ទេស.ស៊ុន ចាន់ថុល តភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងផ្តល់លទ្ធផលជាផ្លែផ្កា”
សកម្មភាពក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យរថយន្តមានភាពមិនប្រក្រតី ត្រូវបានឃាត់ទុកមួយចំនួនក្នុងចំណោមជាងរាប់រយគ្រឿង


ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារអន្តរក្រសួង បានចុះពិនិត្យជាក់ស្តែងចំពោះរថយន្តមានភាពមិនប្រក្រតី ដែលមន្ដ្រីគយ និងរដ្ឋាករមានសមត្ថកិច្ចបានឃាត់ទុកនៅឃ្លាំងគយបណ្តោយមហាវិថីឈ្នះឈ្នះ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

បេសកកម្មនេះត្រូវបានដឹកនាំដោយលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារអន្តរក្រសួង តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនាក់ទំនងសាធារណៈ និងជាអនុប្រធានក្រុមការងារ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ការចុះពិនិត្យរថយន្តជាក់ស្តែងនាពេលនោះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃលើភាពមិនប្រក្រតីនៃរថយន្តគ្មានបង្កាន់ដៃពន្ធនាំចូល មិនមានផ្លាកលេខ ពាក់ផ្លាកលេខក្លែងក្លាយ ពាក់ផ្លាកលេខបានពីផលចោរកម្ម រថយន្តកាត់ត និងមានបញ្ហាលេខតួ លេខម៉ាស៊ីន ម៉ូដែល និងឆ្នាំផលិត និងទ្រង់ទ្រាយផ្សេងជាដើម…។ល។

ជាមួយនឹងគំនិតផ្តួចផ្តើមដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមការជ្រោមជ្រែងពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ហើយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចដាក់ឱ្យដំណើរការយន្តការប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចែករំលែកទិន្នន័យចុះបញ្ជីយាយយន្ត និងទិន្នន័យពន្ធនាំចូលយានយន្តទៅវិញទៅមក និងតាមដានភាពមិនប្រក្រតីពាក់ព័ន្ធ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ជាមួយនឹងកិច្ចសហការដ៏ល្អរវាងស្ថាប័នទាំងពីរបានផ្តល់នូវលទ្ធផលជាវិជ្ជមានជាច្រើន ដូចជាកាចុះបញ្ជីយានយន្តមានរយៈពេលខ្លីរហ័ស ធានាមិនមានការក្លែងបន្លំឯកសារសាធារណៈ ដែលអាចគេចផុតពីភ្នែកសមត្ថកិច្ច ទប់ស្កាត់ និងចាប់រថយន្តមិនបង់ពន្ធនាំចូល បង្កើនប្រសិទ្ធភាពការអនុវត្តការប្រមូលពន្ធនាំចូលយានយន្ត និងបង្កើនចំណូលថវិកាជាតិ ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

សូមជម្រាបជូនថា រថយន្តដែលត្រូវបានឃាត់ទុករាប់រយគ្រឿង ព្រោះមានទិន្នន័យកំណត់គោលដៅច្បាស់លាស់ពីប្រព័ន្ធបច្ចេកវិទ្យាក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះក៏បានចូលរួមធ្វើឱ្យចំណូលពន្ធនាំចូលយានយន្តមានការកើនឡើងប្រមាណ៣៤% ក្នុងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧ ៕

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្ទាំងផ្សាយពាណិជ្ជកម្ម