ក្រុមហ៊ុនរថយន្តអាមេរិក SSC North America បានល្បីឈ្មោះលើសារព័ត៌មានកាលពីខែតុលា ឆ្នាំ២០២០ ជាមួយរថយន្តម៉ូដែល Tuatara របស់ខ្លួន។
ពេលនោះក្រុមហ៊ុនបានប្រកាសថារថយន្តនេះអាចរត់ដល់ល្បឿន ៣០១,០៧ម៉ាយ/ម៉ (៤៨៤,៥៣គ.ម/ម៉) នៅពេលបើកបរសាកលើកទីមួយ ហើយបើកបរលើកទីពីរអាចបានដល់ល្បឿន ៣៣១,១៥ម៉ាយ/ម៉ (៥៣២,៩៣គ.ម/ម៉) ដែលល្បឿនជាមធ្យមនោះគឺ ៣១៦,១១ម៉ាយ/ម៉ (៥០៨,៧៣គ.ម/ម៉)។
ប៉ុន្តែវីដេអូដែលបង្ហាញអំពីការរត់របស់រថយន្ត Tuatara ដែលក្រុមហ៊ុនបានបញ្ចេញនោះ មានទស្សនិកមួយចំនួនចាប់អារម្មណ៍ឃើញថាហាក់ដូចជាមានភាពមិនច្បាស់លាស់ ដែលធ្វើឲ្យទស្សនិកមានចិត្តមន្ទិលចំពោះសមិទ្ធផលអស្ចារ្យនេះ។
ក្រោយមកនៅខែមករា ឆ្នាំ២០២១ រថយន្ត Tuatara បានរត់សាកកម្លាំងម្ដងទៀតដើម្បីជម្រះមន្ទិលឲ្យច្បាស់ ដែលចុងក្រោយនោះរថយន្តនេះអាចរត់បានត្រឹមល្បឿនជាមធ្យម ២៨២,៩ម៉ាយ/ម៉ (៤៥៥,២គ.ម/ម៉) ប៉ុណ្ណោះ ដោយលើកទីមួយរត់បាន ២៧៩,៧ម៉ាយ/ម៉ (៤៥០,១គ.ម/ម៉) និងលើកទីពីររត់បាន ២៨៦,១ម៉ាយ/ម៉ (៤៦០,៤គ.ម/ម៉)។
ពេលនេះដែរ គឺនៅខែកក្កដា ឆ្នាំ២០២១នេះ ក្រុមហ៊ុន SCC បានទទួលស្គាល់ថាខ្លួនពិតជាមិនទាន់អាចទម្លុះរបាំងល្បឿន ៣០០ម៉ាយ/ម៉ បាននៅឡើយទេ ប៉ុន្តែសន្យាថានឹងធ្វើឲ្យបានត្រឹមត្រូវនៅពេលរត់សាកកម្លាំងបន្តបន្ទាប់ទៀត ពោលគឺនឹងធ្វើឲ្យច្បាស់ៗ ជាផ្លូវការ មិនឲ្យមានមន្ទិលដូចមុនឡើយ៕