Tesla Cybertruck បានក្លាយជារថយន្តជិតចេញលក់លើទីផ្សារមួយ ដែលត្រូវបានគេលើកយកមកជជែកវែកញែកជាញឹកញាប់ ដោយសារជារថយន្តភីកអាប់អគ្គិសនីដំបូងរបស់ Tesla។ យ៉ាងណាក្ដីនៅផ្នែករថយន្តភីកអាប់អគ្គិសនីនេះ មិនមែនមានតែ Tesla ម្នាក់ឯងនោះទេ។
Rivian R1T ជារថយន្តភីកអាប់អគ្គិសនីលេចធ្លោមួយទៀតដែលនឹងចេញលក់លើទីផ្សារនាឆ្នាំក្រោយនេះដែរ។ Rivan មិនមែនជាក្រុមហ៊ុន Startup ធម្មតានោះឡើយ ដោយសារវាមានអ្នកផ្គត់ផ្គង់គ្រាក់ៗជាច្រើន ក្នុងចំណោមនោះមាន Amazon និង Ford។
ហើយពេលនេះមានហេតុផលមួយទៀតដែលគ្រប់គ្នារំភើបចិត្តក្នុងការទន្ទឹងរង់ចាំរថយន្តភីកអាប់ R1T ដោយវាមានមុខងារមួយឈ្មោះថា Tank Turn។ វីដេអូថ្មីចេញផ្សាយដោយ Rivian បានបង្ហាញថារថយន្ត R1T អាចធ្វើការបង្វិលខ្លួនដូចរថក្រោះអ៊ីចឹង។ ម៉ូទ័រអគ្គិសនីដែលបំពាក់សម្រាប់កង់រថយន្តនីមួយៗ ជាមូលហេតុនាំឲ្យមុខងារ Tank Turn នេះអាចកើតមានឡើង។
គួរដឹងថា Rivian បានប្រកាសពីមុនមកថារថយន្ត R1T គឺមានតម្លៃចាប់ពី ៦៩ ០០០ ដុល្លារ ចំណែករថយន្ត R1S ដែលជាប្រភេទ SUV គឺមានតម្លៃចាប់ពី ៧២ ៥០០ ដុល្លារ។ តម្លៃនេះរាងថ្លៃបន្តិចបើធៀបនឹង Cybertruck ដែលមានចាប់ពី ៣៩ ០០០ ដុល្លារ៕