អ្នកដែលមានគម្រោង ឬមានបំណងទិញរថយន្តអគ្គិសនីមកប្រើប្រាស់ តែមិនដឹងថា រថយន្តនោះត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ ចំនួនប៉ុន្មានរៀលទេ?

អ៊ីចឹង ដើម្បីអាចដឹងពីតម្លៃពន្ធផ្លូវរបស់រថយន្តអគ្គិសនី គឺគេគិតពីកម្លាំងសេះ (HP) របស់ម៉ូទ័រអគ្គិសនី និងឆ្នាំផលិត ខុសពីរថយន្តសាំង-ម៉ាស៊ូត ដោយគិតលើទំហំស៊ីឡាំងរបស់ម៉ាស៊ីន ហើយក្នុងលតាបត្របង់ពន្ធនោះទៀតសោត ក៏មិនទាន់មានដាក់បញ្ជាក់កម្លាំងសេះ នៅឡើយដែរ សម្រាប់ឆ្នាំ២០២៥នេះ។

ប្រសិនបើរថយន្តអគ្គិសនីនោះ ទើបតែផលិតត្រឹម ៥ឆ្នាំចុះក្រោម ការបង់ពន្ធផ្លូវរួមមាន៖
ក. កម្លាំង ដល់ ១៥០សេះ ត្រូវបង់ ១០ម៉ឺនរៀល
ខ. កម្លាំងលើសពី ១៥០សេះ ដល់ ២០០សេះ ត្រូវបង់ ១៥ម៉ឺនរៀល
គ. កម្លាំងលើសពី ២០០សេះ ដល់ ២៥០សេះ ត្រូវបង់ ៣០ម៉ឺនរៀល
ឃ. កម្លាំងលើសពី ២៥០សេះ ដល់ ៣០០សេះ ត្រូវបង់ ៥០ម៉ឺនរៀល
ង. កម្លាំងលើសពី ៣០០សេះឡើងទៅ ត្រូវបង់ ៨០ម៉ឺនរៀល។
សូមមើលតារាងខាងក្រោមបន្ថែម

នៅពេលលោកអ្នកឆែក Spec របស់ម៉ូទ័ររថយន្តអគ្គិសនីនោះ បើវាបង្ហាញចេញជាខ្នាតគីឡូវ៉ាត់ (KW) គឺលោកអ្នកគ្រាន់តែប្រើប្រាស់កម្មវិធីបម្លែងខ្នាតឲ្យទៅជាខ្នាតកម្លាំងសេះ HP វិញតែប៉ុណ្ណោះ នឹងបានដឹងពីចំនួនទឹកប្រាក់ដែលត្រូវបង់ពន្ធផ្លូវ ដូចការរៀបរាប់ខាងលើនេះហើយ៕














