
អ្នកជំនាញឧស្សាហកម្មយានយន្តនៃប្រទេសចិន បាននិយាយថា ចិនបានដាក់ចេញវិធានការរឹតត្បិតលើការនាំចេញរថយន្តអគ្គិសនី ដើម្បីផ្តល់បទពិសោធន៍ថ្មីដល់អ្នកប្រើប្រាស់ និងការពារកេរ្តិ៍ឈ្មោះម៉ាកយីហោក្រុមហ៊ុនចិន តាមរយ:ការគ្រប់គ្រងគុណភាពកាន់តែខ្លាំង និងធ្វើឲ្យប្រសើរឡើងនូវសេវាកម្មក្រោយការលក់។
ការលើកឡើងនេះ បន្ទាប់ពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម រដ្ឋបាលរដ្ឋគយ និងរដ្ឋបាលនិយ័តករទីផ្សារនៃប្រទេសចិន បានចេញសេចក្តីប្រកាសរួមកាលពីខែកញ្ញា ដែលមានខ្លឹមសារបញ្ជាក់ថា ការនាំចេញរថយន្តអគ្គិសនីសុទ្ធ ត្រូវមានលេខសម្គាល់យានយន្ត (VIN) ទើបអាចទទួលបានអាជ្ញាបណ្ណក្នុងការនាំចេញ ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។
លោក Cui Dongshu អគ្គលេខាធិការសមាគមរថយន្តចិន បានពន្យល់ថា គោលនយោបាយថ្មីនេះ នឹងជួយដល់ការគ្រប់គ្រងលំហូរចេញនូវរថយន្តដែលមានគុណភាពទាប និងបានជំរុញដល់ក្រុមហ៊ុនរថយន្ត ងាកចេញពីការផលិតយកតែបរិមាណ មកការផលិតផ្តោតលើគុណភាព និងមានស្តង់ដាវិញ។ លោកបានកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្តអគ្គិសនីសុទ្ធជាច្រើន ត្រូវបាននាំចេញដោយគ្មានលេខសម្គាល់ VIN បណ្តាលឲ្យមានចន្លោះប្រហោងក្នុងការគ្រប់គ្រងគុណភាព។
គួរដឹងថា លេខសម្គាល់ VIN គឺផ្តល់ព័ត៌មានលម្អិតអំពីក្រុមហ៊ុនផលិតរថយន្ត ឆ្នាំផលិត រោងចក្រដំឡើង និង Spec របស់រថយន្ត។ ក្នុងច្បាប់ថ្មីនេះ ក៏បានបញ្ជាក់ដែរថា មានតែក្រុមហ៊ុនរថយន្ត និងតំណាងចែកចាយរបស់ខ្លួនប៉ុណ្ណោះ ដែលអាចស្នើសុំអាជ្ញាបណ្ណបាន ហើយអាចនាំចេញបានតែរថយន្តដែលជាប្រេនរបស់ខ្លួនតែមួយគត់៕