
ស្របពេលដែលទីផ្សារបច្ចេកវិទ្យារថយន្តកំពុងមានការប្រកួតប្រវែងខ្លាំង ពេលនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ប្រទេសចិន បានប្រកាសចេញជាផ្លូវការនូវអាជ្ញាប័ណ្ណប្រព័ន្បើកបរស្វ័យប្រវត្តិកម្រិត 3 (L3) ជំនាន់ដំបូងរបស់ខ្លួនហើយ ដោយក្នុងនោះ នេះគឺជាជំហានដ៏សំខាន់មួយនៅក្នុងការផ្លាស់ប្តូរពីការធ្វើតេស្តបច្ចេកវិទ្យា ទៅជាការអនុវត្តជាក់ស្តែង។
យោងតាម MIIT រថយន្តអគ្គិសនីចំនួន ២គ្រឿង ដែលនឹងត្រូវបានអនុញ្ញាតឲ្យធ្វើតេស្តលើផ្លូវសាធារណៈមុនគេនោះ គឺរថយន្ត Deepal SL03 ប្រភេទអគ្គិសនីសុទ្ធ និងរថយន្ត Arcfox Alpha S ។

ក្នុងនោះ នៅក្នុងការធ្វើតេស្តនេះ រថយន្តទាំង ២ម៉ូឌែលនេះ នឹងត្រូវបានដាក់ឲដំណើរការនៅក្នុងផ្លូវល្បឿនលឿនក្នុងទីក្រុង Chongqing និងទីក្រុងប៉េកាំង ដើម្បីត្រួតពិនិត្យលើចំនុចជាច្រើន សម្រាប់ស្វែងរកកំហុស ពង្រឹងប្រតិបត្តិការ បង្កើនសុវត្ថិភាព និងកែលម្អប្រព័ន្ធគ្រប់គ្រង។

គួរបញ្ជាក់ថា ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត 3 (Level 3 Autonomous Driving) គឺជាប្រព័ន្ធបើកបរស្វ័យប្រវត្តិដែលអនុញ្ញាតឲ្យរថយន្តគ្រប់គ្រងការបើកបរដោយខ្លួនឯង (ក្នុងចំនួនកំណត់) ដោយមិនចាំបាច់តម្រូវឲអ្នកបើកបរផ្តោតអារម្មណ៍ខ្លាំង។
អ្វីដែល L3 អាចធ្វើបាន៖
-
រថយន្តអាចបើក បត់ ប្តូរគន្លង និងគ្រប់គ្រងល្បឿនដោយខ្លួនឯង
-
អ្នកបើកបរអាចលែងដៃពីចង្កូត និងផ្តោតអារម្មណ៍លើសកម្មភាពផ្សេងៗបាន (ឧ. មើលទូរស័ព្ទ ឬញាំអាហារជាដើម)
-
ប៉ុន្តែប្រើបានតែនៅក្នុងតែ Operational Design Domain (ODD) ដែលបានកំណត់ប៉ុណ្ណោះ
(ឧ. ផ្លូវហាយវេ ឬផ្លូវដែលមានចរាចរណ៍កកស្ទះជាដើម)៕






















