ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ចិនលេងមួយក្បាច់ អឺរ៉ុបធ្លាក់ថ្លើមក្តុក! ផលិតរថយន្តស្ព័រតម្លៃ ៣ម៉ឺនដុល្លារ តែអាចរត់បានលឿនជាង Ferrari

ចិនលេងមួយក្បាច់ អឺរ៉ុបធ្លាក់ថ្លើមក្តុក! ផលិតរថយន្តស្ព័រតម្លៃ ៣ម៉ឺនដុល្លារ តែអាចរត់បានលឿនជាង Ferrari

នេះគឺជា SC-01 រថយន្តស្ព័រអគ្គិសនីដែលកំពុងតែអង្រួនពិភពលោកជាខ្លាំង ជាមួយនឹងសន្ទុះល្បឿនដ៏អស្ចារ្យ។ រថយន្តនេះ គឺត្រូវបានបង្កើតឡើងនៅក្នុងប្រទេសចិន ដោយក្រុមហ៊ុន Startup ថ្មីមួយឈ្មោះថា Tianjin Gongjiangpai ដែលក្រុមហ៊ុននេះ គឺទទួលបានការគាំទ្រ និងការវិនិយោគទឹកប្រាក់យ៉ាងច្រើនពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនគឺ Xiaomi ។

លក្ខណៈពិសេសរបស់រថយន្ត SC-01 នេះ គឺអាចជាន់ស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ ២.៩ វិនាទីប៉ុណ្ណោះ ដែលល្បឿននេះគឺលឿនជាងរថយន្តថ្លៃៗមួយចំនួនដូចជា Ferrari Roma ទៅទៀត។ ពោលគឺដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបានចំនួន ៤២៩សេះ, ប្រើអាគុយទំហំ ៦០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនពី ២០% ទៅ ៨០% ក្នុងរយៈពេលតែ ២៥ នាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាកមកការរចនាវិញ រថយន្តនេះគឺត្រូវបានរចនាឡើងដោយយកនូវស្ទីលរចនាតាមរថយន្តស្ព័រជំនាន់មុនៗដូចជា Lancia Stratos និង Ferrari ជាដើម ដោយសាក់ស៊ីរបស់វាគឺប្រើប្រាស់នូវគ្រោងដែកប្រភេទ Steel Spaceframe ដូចរថយន្តប្រណាំងតម្លៃរាប់លានដុល្លារ។ ចំណែកប្រព័ន្ធជើងក្រោម គឺប្រើប្រាស់នូវប្រព័ន្ធបូម Double Wishbone ទាំងមុខទាំងក្រោយ។ ម្យ៉ាងទៀត ចំពោះប្រព័ន្ធហ្វ្រាំងវិញ ក៏ត្រូវបានបំពាក់ហ្វ្រាំងឌីសទំហំធំ ជាមួយដង្កៀបហ្វ្រាំងចំនួន ៦ពីស្តុង នៅផ្នែកខាងមុខ និង ៤ពីស្តុង នៅផ្នែកខាងក្រោយផងដែរ។

ត្រលប់មកផ្នែកខាងក្នុង ទ្វីត្បិតតែរថយន្តនេះជាប្រភេទអគ្គិសនីក៏ដោយ ប៉ុន្តែនៅផ្នែកខាងក្នុង គឺគ្មានអេក្រង់ថាច់ស្គ្រីនធំៗនោះទេ ដោយមានត្រឹមតែអេក្រង់ឌីជីថលតូចមួយនៅពីមុខចង្កូតសម្រាប់បង្ហាញល្បឿន និងកម្រិតថ្មប៉ុណ្ណោះ ហើយរាល់ពេលត្រូវការបើកម៉ាស៊ីនត្រជាក់, បើកបង្អួច និងមុខងារផ្សេងៗ អ្នកបើកបរគឺត្រូវតែចុចប៊ូតុងដែលដាក់នៅដំបូលខាងលើ។

លក្ខណៈពិសេសរបស់រថយន្តនេះ គឺប្រើប្រាស់នូវកៅអីប្រណាំងប្រភេទ Bucket Seats ប៉ុន្តែមិនមានប្រព័ន្ធហ្វ្រាំងអូតូ, មិនមានប្រព័ន្ធរក្សាគន្លងផ្លូវ និងមិនមានសិនស័រឡើយ ដោយមានត្រឹមតែប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធ Traction Control ប៉ុណ្ណោះ។ ដូចនេះ មិនថាការបើកបរក្នុងលក្ខខណ្ឌណានោះឡើយ រថយន្តនេះ គឺទាមទារអ្នកបើកបរមានជំនាញបើកបរ ១០០% តែម្តង។

គួរបញ្ជាក់ថា ដោយសារក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុន Startup មួយនេះ មិនទាន់មានរោងចក្រផលិតផ្ទាល់ខ្លួន ដូចនេះ សម្រាប់ការដំឡើង និងការផលិតនូវរថយន្ត SC-01 មួយនេះ ពួកគេនឹងចាប់ដៃគូជាមួយក្រុមហ៊ុន JMEV ដើម្បីធ្វើជាអ្នកដំឡើង និងផលិត ដោយតម្លៃរបស់វាគឺមានតម្លៃត្រឹមតែ ៣០,០០០ ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម