[ទីផ្សារបរទេស] ដើម្បីបង្កើនការលក់រថយន្តអគ្គិសនី EQ នៅប្រទេសចិនដែលមានលទ្ធផលលក់គួរឲ្យខកចិត្តនោះ ក្រុមហ៊ុន Mercedes បានប្រកាសពីការកាត់បន្ថយតម្លៃម៉ូដែល EQE និង EQS ដោយចុះថ្លៃរហូតដល់ជាង៣ម៉ឺនដុល្លារ។
រថយន្ត Mercedes-Benz EQE ពេលនេះមានតម្លៃចាប់ពីប្រមាណ ៦៧ ៤៣២ដុល្លារ ក្រោយពីទទួលការចុះថ្លៃ ៧ ០៥៤ដុល្លារ ខណៈដែល Mercedes-Benz EQS Sedan មានតម្លៃចាប់ពីប្រមាណ ១៣៤ ៨៦៤ដុល្លារ ធូរថ្លៃជាងមុនប្រមាណ ៣៣ ០១១ដុល្លារ។
យ៉ាងណាក្ដីសម្រាប់ម៉ូដែល EQA EQB និង EQC SUV ដែលជាប្រភេទរថយន្តអគ្គិសនីខ្នាតតូចនៅបន្តលក់តម្លៃដូចដើម។
ការចុះផ្សាយរបស់ Bloomberg បានឲ្យដឹងថាការទម្លាក់តម្លៃនេះគឺក្រោយពីការលក់មានសន្ទុះយឺតខ្លាំង ជាពិសេសគឺរថយន្ត EQS Sedan ដែលមានការលក់ប្រមាណ ១០០គ្រឿងប៉ុណ្ណោះក្នុងមួយខែ។
ផ្អែកតាមទិន្នន័យពីមជ្ឈមមណ្ឌលស្រាវជ្រាវរបស់ចិនបានឲ្យដឹងថា Mercedes អាចលក់រថយន្តអគ្គិសនីបានប្រមាណ ៨,៨ពាន់គ្រឿង គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ ខណៈដែល BYD អាចលក់រថយន្តអគ្គិសនីបានរហូតដល់ ២២ម៉ឺនគ្រឿង ក្នុងខែតុលាតែមួយខែ៕