ចេញរូបរាង MG6 ស៊េរីថ្មី ផ្លាស់ប្ដូរមុខមាត់ថ្មី

ក្រុមហ៊ុន MG Motor បាន​បង្ហាញ​ចេញ​រថយន្ត MG6 ជំនាន់​បច្ចុប្បន្ន​នេះ​កាល​ពី​​ខែ​កញ្ញា​ឆ្នាំ ២០១៧ ដែល​រថយន្ត​នេះ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា​រថយន្ត Roewe i6 ដែរ។ MG6 គឺ​មាន​ជម្រើស​ម៉ាស៊ីន​សាំង ឬ Hybrid ដែល​មាន​​​រូបរាង​ក្រៅ និង​ការ​ឌីហ្សាញ​ខាង​ក្នុង​បែប​ទាន់​សម័យ។

ដោយ​មាន​រយៈពេល​ ៣ ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ ​គឺ​ដល់​ពេល​ដែល​​ក្រុមហ៊ុន MG ​ត្រូវ​​ផ្ដល់​ការ​អាប់ដេត​ដល់​ MG6 ហើយ​បើ​ផ្អែម​តាម​សារព័ត៌មាន​ចិន Xincheping ​អាច​ឲ្យ​គេ​ដឹង​ខ្លះៗ​អំពី​រថយន្ត​ MG6 ម៉ូដែល​ថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបភាព​បាន​បង្ហាញ​ថា​ MG6 ស៊េរី​ថ្មី​គឺ​មាន​ការ​ផ្លាស់​ប្ដូរ​រចនាបថ​ផ្នែក​ខាង​​មុខ ជា​មួយ​ចង្កៀង​ខាង​មុខ​ប្ដូរ​ស្ទីល​ថ្មី និង​មាន​រន្ធ​ខ្យល់​​ដែល​មាន​ទំហំ​ទូលាយ​ជាង​មុន និង​មាន​ឡូហ្គោ​ MG ធំ​ជាង​មុន​ផង​ដែរ។ចំណែក​នៅ​ខាង​ក្រោយ​វិញ​ គេ​ឃើញ​កាង​ដែល​រចនា​រូបរាង​ថ្មី ហើយ​មាន​បន្ថែម​​បន្ទះ​ដែក​តូច​មួយ​នៅ​ជាប់​នឹង​ទ្វារ​ក្រោយ​រថយន្ត។

ចំពោះ​ម៉ាស៊ីន​វិញ គឺ​ម៉ាស៊ីន​សាំង Turbocharged ចំណុះ ១,៥ លីត្រ​ពេល​នេះ អាច​ផលិត​កម្លាំង​បាន​ច្រើន​ជាង​មុន ដែល​ពី​មុន​មាន​កម្លាំង​ ១៦៦ សេះ ហើយ​ពេល​នេះ​មាន​កម្លាំង​ប្រហែល ១៧៨ សេះ។ ចំណែក​ប្រភេទ Hybrid វិញ​មិន​ទាន់​មាន​ដំណឹង​ច្បាស់​នៅ​ឡើយ​ទេ បើសិន​មិន​ផ្លាស់​ប្ដូរ​នោះ គឺ​វា​មាន​ម៉ាស៊ីន​សាំង ១,០ លីត្រ គួប​ផ្សំ​ដោយ​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​បង្កើត​កម្លាំង​បាន​សរុប ២២៤ សេះ។

MG Motor អាច​នឹង​បង្ហាញ​រថយន្ត MG6 ថ្មី​នេះ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ទៀត​​៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម