នៅទីបំផុត ក្រុមហ៊ុន Cadillac បានបង្ហាញរថយន្ត Lyriq ដែលជា SUV ដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ខ្លួន ហើយនឹងចេញលក់នៅក្នុងឆ្នាំ២០២២ ខាងមុខ។
ទោះជាយ៉ាងណា រូបរាងរថយន្ត Lyriq ដែល Cadillac បានបង្ហាញនេះ នឹងមានការផ្លាស់ប្តូរបន្តិចបន្តួច នៅពេលចូលសង្វាក់ផលិតកម្ម។
រថយន្ត Lyriq ប្រើគ្រោងឆ្អឹងជំនាន់ថ្មីរបស់ក្រុមហ៊ុន GM និងដំណើរការដោយប្រព័ន្ធថាមពលអគ្គិសនីថ្មី ហៅថា Ultium ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ។ SUV អត់ប្រើសាំងនេះ នឹងផ្តល់ជាជម្រើសទាំងប្រភេទប៉ុងមួយ និងប៉ុងពីរ។
អ្វីដែលជាចំណុចពិសេសនៃរថយន្តនេះ គឺការបំពាក់អេក្រង់ធំបំផុតមិនធ្លាប់មាន គឺ អេក្រង់ LED ទំហំ ៣៣អ៊ីញ ដែលបង្ហាញព័ត៌មាន, កន្លែងបញ្ជា និងកាមេរ៉ា ជាដើម។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កុងទ័របាញ់លើកញ្ចក់ ប្រភេទ AR ដែលបង្ហាញព័ត៌មានដូចជា ល្បឿន, ទិសដៅ និងការដាស់តឿនផ្សេងៗទៀតផង៕