ចេញហើយៗ ! ភីកអាប់ Toyota Tacoma ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ រូបរាងកាត់ទៅរក Tundra បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Tacoma ស៊េរីឆ្នាំ ២០២៤ ជាមួយរូបរាងថ្មីទាំងស្រុងកាត់ទៅរកភីកអាប់ Toyota Tundra មាន ៨ ម៉ូដែលសម្រាប់ជ្រើសរើសសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។

ភីកអាប់ខ្នាតកណ្តាលនេះស្ថិតក្នុងជំនាន់ទី៤ ប្រើប្រាស់គ្រោងឆ្អឹង TNGA-F platform ដូចទៅនឹងរថយន្តភីកអាប់ Toyota Tundra និងរថយន្ត Toyota Sequoia ប្រភេទ SUV ។ សម្រាប់ការចនានៅផ្នែកខាងក្រៅ ឃើញថាមានភាពហាប់ណែនជាងជំនាន់មុន ដោយផ្នែកខាងមុខ បំពាក់ប៉ាណារាងជាសំណាញ់ជាមួយឡូហ្គោ TOYOTA នៅចំកណ្តាល ជាប់សងខាងនឹងចង្កៀងមុខប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ កាងការពារបន្ថែមភាពកាន់តែរឹងមាំ ប្រើប្រាស់នៅថាសកង់ទំហំ ១៨ អ៉ីញ ដល់ ២០ អ៉ីញ ស្រោបដោយសំបកប្រភេទ Goodyear off-road ទំហំ ៣៣ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រចនាបែបបញ្ឈរជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានរចនាថ្មីដែលឃើញស្រដៀងទៅនឹងភីកអាប់ Toyota Tundra ដោយបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញជាស្តង់ដារ និងទំហំ ១២,៣ អ៉ីញ​ជាជម្រើស និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ និងទំហំ ១៤,០ អ៉ីញជាជម្រើស ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតខ្សែរ និងឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ១០ ចំនុចដែលអាចដកដាក់តាមខ្លួនជាដើម។ លើសពីនេះ​ សម្រាប់ Toyota Tacoma ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 សម្រាប់ម៉ូដែលទាំងអស់ជាស្តង់ដារទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីន i-Force ចំណុះ ២,៤ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបានពី​ ២២៨ សេស ដល់  ២៧៨ សេស និងកម្លាំងរមួល ៣៣០ ញ៉ូតុនម៉ែត្រ ដល់ ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ វិលកង់ក្រោយ ។
  • ម៉ាស៊ីនកូនកាត់ i-Force MAX hybrid ចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៣២៦ សេស និងកម្លាំងរមួល ៦៣០ ញ៉ូតុនម៉ែត្រ បំពាក់អគុយទំហំ ១,៨៧ គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ២ វិលកង់ទាំងអស់ ជាមួយប្រព័ន្ធចាក់សោរប៉ុងនៅកណ្តាល ។ មិនត្រឹមតែប៉ុណ្ណោះ Toyota Tacoma ជំនាន់ថ្មីនេះ មានសមត្ថភាពអូសសណ្តោងបានដល់ ២ ៩៤៨ គីឡូក្រាមឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម