[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានផ្អាកផែនការវាយលុកទីផ្សាររថយន្តឥណ្ឌា ក្រោយពីមិនអាចបញ្ចុះបញ្ចូលឲ្យមន្ត្រីឥណ្ឌាកាត់បន្ថយពន្ធនាំចូលបាន។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះគិតថាចង់វាយលុកទីផ្សារឥណ្ឌាដោយលក់រថយន្តដែលនាំចូលពីសហរដ្ឋអាមេរិក និងប្រទេសចិន។ ក្រុមហ៊ុនក៏សង្ឃឹមថានឹងអាចនាំចូលរថយន្តក្នុងអត្រាពន្ធទាបជាងធម្មតា ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាមិនបានធ្វើការផ្ដល់ជូនពិសេសនោះទេ ដោយរដ្ឋាភិបាលប្រទេសនេះសូមឲ្យ Tesla ប្ដេជ្ញាលើការសងរោងចក្រផលិតរថយន្តនៅប្រទេសឥណ្ឌាជាមុនសិន។
ថ្មីៗនេះដែរ ប្រភពដែលជិតស្និទ្ធនឹង Tesla បានប្រាប់ Reuters ថាក្រុមហ៊ុនបានផ្អាកផែនការវាយលុកទីផ្សារឥណ្ឌាកាលតាំងពីថ្ងៃទី១ ខែកុម្ភៈ ជាថ្ងៃដែលរដ្ឋាភិបាលឥណ្ឌាប្រកាសអំពីផែនការចំណាយ និងអត្រាពន្ធថ្មី ដែលក្នុងនោះមិនមានផ្ដល់ការលើកលែងពិសេសចំពោះ Tesla ឡើយ។
Reuters បញ្ជាក់ផងដែរ តម្រូវការខ្ពស់លើរថយន្ត Tesla នៅក្នុងទីផ្សារដទៃទៀតក៏ជាផ្នែកមួយធ្វើឲ្យក្រុមហ៊ុនសម្រេចផ្អាកផែនការវាយលុលប្រទេសឥណ្ឌាផងដែរ។
ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២នេះ Tesla អាចដឹកជញ្ជូនរថយន្តបាន ៣១០ ០៤៨គ្រឿង ដោយមានរថយន្ត Model 3 និង Model Y ចំនួន៩៥% ខណៈដែល ៥% ទៀតគឺជា Model S និង Model X៕