រថយន្ត Toyota Land Cruiser 300 Series បានបង្ហាញខ្លួនកាលពីខែមិថុនា ដើម្បីជំនួសដំណែង 200 Series បន្ទាប់ពីបានរក្សារូបរាងដដែលអស់រយៈពេល ១៤ឆ្នាំ។ មិនខុសគ្នាប៉ុន្មានឡើយ រថយន្ត Land Cruiser Prado 150 Series មានអាយុកាល ១២ឆ្នាំទៅហើយ។
រថយន្ត Land Cruiser Prado 150 Series ជំនាន់ទី៤ បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០០៩ ហើយទទួលបានការអាប់ដេតបន្តិចបន្តួចរហូត ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ។
ដោយឡែកថ្មីៗនេះ របាយការណ៍ថ្មីមួយបានឲ្យដឹងថា រថយន្ត Toyota Land Cruiser Prado ជំនាន់ថ្មី ដែលត្រូវប្តូររូបរាងទាំងស្រុង អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៣ ខណៈដែលពាក្យចចាមអារ៉ាមមួយចំនួនទៀតលើកឡើងថា វាទំនងបង្ហាញខ្លួនក្នុងឆ្នាំ២០២២ តែម្តង។
ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Prado ជំនាន់ថ្មី នឹងនៅតែរក្សាគ្រោងឆ្អឹង body-on-frame របស់ខ្លួនដូច Land Cruiser ដដែល ហើយនឹងខ្ចីការឌីហ្សាញមួយចំនួនពី Land Cruiser ទៀតផង។ ចំណែកឯផ្នែកខាងក្នុងវិញ គេរំពឹងថាវានឹងបំពាក់កៅអី ៣ជួរ អាចអង្គុយបាន ៧នាក់ ជាមួយនឹងការប្រើប្រាស់គ្រឿងបរិក្ខារកាន់តែប្រសើរជាងមុន ក៏ដូចជាបច្ចេកវិទ្យាកាន់តែទំនើបជាងមុនទៀតផង។
ពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនរបស់វាវិញ គេក៏រំពឹងថាវានឹងផ្តល់ជម្រើសម៉ាស៊ីន Hybrid ជាលើកដំបូង សម្រាប់ត្រកូល Prado នេះ ដែលដំណើរការជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ ឬ ២,៧លីត្រ។ ចំពោះជម្រើសម៉ាស៊ីនចំហេះក្នុងវិញ Toyota ទំនងជានឹងរក្សាម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដដែល៕