ឆ្នាំនេះកម្មវិធីពិព័រណ៌ឡាន Tokyo Motor Show ត្រូវរំសាយចោលជាលើកដំបូងបំផុត

ក្នុងសន្និសីទកាសែតមួយ លោក Akio Toyoda ដែលជាប្រធានក្រុមហ៊ុន Toyota និងជាប្រធានសហព័ន្ធយានយន្តជប៉ុនបានប្រកាសថាកម្មវិធីតាំងបង្ហាញរថយន្ត Tokyo Motor Show ឆ្នាំ២០២១ ត្រូវបានរំសាយចោលហើយ។

ការសម្រេចចិត្តរំសាយចោលកម្មវិធីតាំងបង្ហាញរថយន្តដ៏ធំប្រចាំឆ្នាំនេះគឺដោយសារជំងឺរាតត្បាតកូវីដ១៩។ គួរដឹងកម្មវិធីតាំងបង្ហាញរថយន្តនេះជាធម្មតាតែងប្រារព្ធឡើងនៅក្នុងខែតុលា និងខែវិច្ឆិកា ដែលតែងតែប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្ដង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កម្មវិធីតាំងបង្ហាញលើកដំបូងបង្អស់បានប្រារព្ធឡើងនៅក្នុងឆ្នាំ ១៩៥៤ គឺកាលពី ៦៧ឆ្នាំមុន ដែលពេលនោះមានមនុស្សប្រមាណ ៥៤៧ ០០០នាក់ បានចូលរួម ហើយនៅក្នុងឆ្នាំ ២០១៩ កម្មវិធីនេះមានការចូលរួមពីមនុស្ស ១,៣លាននាក់។

ការប្រកាសរំសាយចោលកម្មវិធី Tokyo Motor Show ឆ្នាំ២០២១នេះ គឺបន្ទាប់ពីមានការរំសាយចោលនូវកម្មវិធី Tokyo Auto Salon ដែលដើមឡើយគ្រោងរៀបចំឡើងនៅថ្ងៃទី១៥ ដល់ទី១៧ ខែមករាឆ្នាំ២០២១ ដែលត្រូវរំសាយក្រោមហេតុផលដូចគ្នាដើម្បីការពារសុខសុវត្ថិភាពបុគ្គលិក និងអ្នកចូលរួម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម