ជាលើកដំបូង Toyota ចាប់ដៃ BYD ក្នុងការផលិតរថយន្តអគ្គិសនីសុទ្ធ Toyota bZ3

[បរទេស] យោងតាមគេហទំព័រ Carnewschina បានធ្វើការបញ្ចេញរូបភាពនៃរថយន្តអគ្គិសនី Toyota bZ3 ដែលគ្រោងនឹងដាក់លក់នៅក្នុងប្រទេសចិនក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ ហើយក៏ជារថយន្តអគ្គិសនីសុទ្ធ ប្រភេទ sedan ដំបូងបង្អស់របស់ Toyota ដែលត្រូវបានសហការជាមួយក្រុមហ៊ុនយក្សរបស់ចិន BYD ផងដែរ។

គួរឲ្យដឹងផងដែរថា ពីមុន Toyota គឺជាក្រុមហ៊ុនរថយន្តដែលបានឈានជើងបន្តិចម្តងៗ ចូលទៅកាន់រថយន្តអគ្គិសនី។ ដោយផ្តោតលើទីផ្សាររថយន្តកូនកាត់ hybrid ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលចិនបានបន្តលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីយ៉ាងពេញលេញ ដូច្នេះហើយ Toyota ជ្រើសរើសយកការសហការគ្នាផលិតរថយន្ត Toyota bZ3 ជាមួយក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន ដើម្បីទទួលបានចំណែកទីផ្សារយ៉ាងឆាប់រហ័ស។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីសុទ្ធ Toyota bZ3 មានប្រវែងតួខ្លួនសរុប ៤ ៧២៥ ម.ម ទទឹង ១ ៨៣៥ ម.ម កម្ពស់ ១ ៤៧៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៨៨០ ម.ម មានទម្ងន់ ១ ៨៣៥ គីឡូក្រាម។

ចំពោះរថយន្តអគ្គិសនីសុទ្ធ Toyota bZ3 ត្រូវបានបំពាក់ដោយអាគុយ Blade Battery ដែលជាបច្ចេកវិទ្យាផ្តាច់មុខរបស់ក្រុមហ៊ុន BYD ត្រូវបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីនៅកង់ខាងក្រោយតដែលមានទាំងកម្លាំង ១៨៣ សេះ និង ២៤៤​ សេះ អាចឈានដល់ល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រ/ម៉ោង។ ខណៈប្រភេទម៉ូទ័រអគ្គិសនីមានកម្លាំង ១៨៣ សេះ បំពាក់ជាមួយថាសកង់ទំហំ ១៦ អ៊ីញគឺជាស្តង់ដារ និងប្រភេទកម្លាំង ២៤៤ សេះ ទទួលបានថាសកង់ទំហំ ១៨ អ៊ីញដែលមានលក្ខណៈស្ព័រជាងមុន។

ទន្ទឹមនឹងនេះ ការដាក់បង្ហាញចេញរថយន្ត Toyota bZ3 នឹងធ្វើឡើងនៅក្នុងកម្មវិធី Guangzhou Motor Show ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ជាមួយការដាក់លក់នៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម