ជិះ EV មិនខ្វល់ប្តូរប្រេងម៉ាស៊ីន តែប្រេង និងទឹកផ្សេងៗនៅតែត្រូវផ្លាស់ប្តូរដូចឡានសាំងដែរ

ការថែទាំរថយន្តអគ្គិសនី គឺចំណាយតិចជាងរថយន្តចំហេះក្នុង ដោយសារវាមានគ្រឿងបង្គុំតិចជាង។ រថយន្តចំហេះក្នុងគឺប្រើម៉ាស៊ីន ដែលមានគ្រឿងបង្គុំច្រើន និងតម្រូវឲ្យមានការផ្លាស់ប្តូរប្រេងម៉ាស៊ីនទៀងទាត់ ខុសពីរថយន្តអគ្គិសនី ដែលមិនចាំបាច់​ត្រូវប្តូរប្រេងនេះឡើយ។

យ៉ាងណាមិញ សម្រាប់​ប្រេង និងទឹកផ្សេងៗ ក្នុងរថយន្តអគ្គិសនី គឺតម្រូវឲ្យមានការផ្លាស់ប្តូរទៀតទាត់ដូចរថយន្តចំហេះក្នុងដែរ រួមមានដូចខាងក្រោម:

  • ប្រេងប្រអប់លេខ

ប្រេងនេះ​ មានតួនាទីសំខាន់ណាស់​ក្នុងការរំអិលកាត់បន្ថយការកកិត និងរក្សាកម្តៅរបស់ប្រអប់លេខ ដោយសារតែរថយន្តអគ្គិសនី មានកម្លាំងបង្វិលខ្ពស់​ក្នុងល្បឿនទាប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

  • ប្រេងហ្វ្រាំង

រថយន្តអគ្គិសនី​ប្រើប្រព័ន្ធហ្វ្រាំងដូចតែគ្នាទេ គ្រាន់តែភាគច្រើនវាបន្ថែមមុខងារជាន់ហ្វ្រាំងសាកថាមពលឡើងវិញ (Regenerative Braking)។ យ៉ាងណាមិញ វាតម្រូវឲ្យមានការផ្លាស់ប្តូរប្រេងហ្វ្រាំងដូចគ្នា តាមការប្រើប្រាស់ជាក់ស្តែង ឬតាមការកំណត់​ចំនួនគីឡូជាដើម។

  • ទឹកស្អំ

សម្រាប់រថយន្តសាំង គឺត្រូវមានប្រេងម៉ាស៊ីន និងទឹកស្អំ ដើម្បីរក្សាកម្តៅម៉ាស៊ីន មិនឲ្យឡើងខ្លាំងជ្រុល។ ដោយឡែកសម្រាប់​រថយន្តអគ្គិសនី ទឹកស្អំ​គឺពិតជាមិនអាចខ្វះបានឡើយ​សម្រាប់​ស្អំអាគុយ។ ទឹកស្អំ មិនត្រឹមតែជួយការពារអាគុយ កុំឲ្យឡើងកម្តៅខ្លាំងប៉ុណ្ណោះទេ តែក៏ជួយបង្កើនអាយុកាលរបស់វាផងដែរ។

  • ទឹកបាញ់កញ្ចក់

ទាំងរថយន្តអគ្គិសនី និងរថយន្តសាំង គឺមានធុងទឹកបាញ់កញ្ចក់ដូចគ្នា ហើយវាងាយស្រួលពិនិត្យមើលណាស់ ដោយអ្នកគ្រាន់តែចាក់ទឹកសាប៊ូសម្រាប់បាញ់កញ្ចក់រថយន្តឲ្យពេញធុង ជាការស្រេច។

ក្រៅពីនេះ រថយន្តអគ្គិសនី ក៏តម្រូវឲ្យមានការផ្លាស់ប្តូរតម្រងម៉ាស៊ីនត្រជាក់ សំបកកង់ និងអាគុយ 12v ដូចរថយន្តសាំងទៅតាមស្ថានភាព និងអាយុកាលរបស់វាផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម