ជិះឡានអគ្គិសនី F-150 Lightning អាចសន្សំថ្លៃប្រេងបានជិត ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] អ្នកប្រហែលជាធ្លាប់បានដឹងហើយថារថយន្តអគ្គិសនីបានចូលរួមចំណែកយ៉ាងធំក្នុងការជួយដល់បរិស្ថានធៀបនឹងរថយន្តម៉ាស៊ីនពីស្តុង ហើយពេលនេះ Ford បានចេញផ្សាយតួលេខបង្ហាញអំពីសមត្ថភាពការពារបរិស្ថាននៃរថយន្តអគ្គិសនីរបស់​ខ្លួន។

ការសិក្សារបស់ Ford បានបង្ហាញថា​ប្រសិនបើអ្នកបើកបររថយន្តអគ្គិសនី និងប្រើប្រាស់​ប្រភពភ្លើងក្នុងសហរដ្ឋអាមេរិកដើម្បី​សាក​វា អ្នកអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតបានរហូតដល់ ៦០% បើធៀបនឹងប្រភេទពីស្តុងនៃរថយន្តដែលអ្នកប្រើ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បានបង្ហាញថារថយន្ត F-150 Lightning អាចជួយកាត់បន្ថយការសាយភាយឧស្ម័នបាន ៧៨តោន ក្នុងវដ្ដជីវិតរបស់រថយន្តនេះ ខណៈដែលរថយន្ត Mustang Mach-E អាចជួយកាត់បន្ថយបាន ៤២តោន និងរថយន្ត E-Transit អាចជួយកាត់បន្ថយបាន ៥៥តោន។

តាមការចុះផ្សាយរបស់ Electrek ផ្អែកតាមការរកឃើញរបស់ Ford ឲ្យដឹងថារថយន្តភីកអាប់ F-150 Lightning អាចជួយឲ្យម្ចាស់រថយន្តសន្សំសំចៃថវិកាបាន ២៧ ២០០ដុល្លារ ពីការចំណាយលើប្រេង ៣៣ ២០០លីត្រ ក្នុងវដ្ដជីវិតនៃរថយន្ត ដោយផ្អែក​លើ​តម្លៃប្រេងឥន្ធនៈបច្ចុប្បន្ន។

ដោយឡែកសម្រាប់រថយន្ត E-Transit អាចជួយសន្សំសំចៃថវិកាបាន ១៩ ២០០ដុល្លារ ពីការចំណាយលើប្រេងឥន្ធនៈ ២៣ ៤០០លីត្រ និងរថយន្ត Mustang Mach-E សន្សំសំចៃថវិកាបានជិត ១៥ ០០០ដុល្លារ ពីប្រេងសាំង ១៨ ៩០០លីត្រ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម