ជោគវាសនា Bugatti និង Lamborghini នឹងត្រូវសម្រេចឆាប់ៗ

​ក្រុមហ៊ុន​ Volkswagen Group ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​​កាន់​កាប់​ម៉ាក​រថយន្ត​ចំនួន ១២​មក​ពី​ប្រទេស​ចំនួន ៧​នៅ​អឺរ៉ុប​ ដែល​ក្នុង​នោះ​មាន​ដូច​ជា Audi, Bentley, Bugatti, Porsche និង Lamborghini ជា​ដើម ហើយ​ Audi និង Porsche គឺ​ជា​ម៉ាក​រថយន្ត​ដ៏​ជោគជ័យ​ជាង​គេ​សម្រាប់​ Volkswagen Group។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters ដែល​បាន​ដំណឹង​ពី​ប្រភព​ផ្ទៃ​ក្នុង​បាន​ឲ្យ​ដឹង​ថា​ថ្នាក់​ដឹក​នាំ​នៃ Volkswagen Group ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​លម្អិត​លើ​យុទ្ធសាស្ត្រ​រួម​​របស់​ក្រុមហ៊ុន​ក្នុង​អង្គ​ប្រជុំ​ក្រុមប្រឹក្សាភិបាល​នា​ខែ​ក្រោយ​នេះ។ គោលដៅ​ធំ​បំផុត​នោះ​គឺ​ការ​បង្កើត​តម្លៃ​សរុប​របស់ Volkswagen Group ឲ្យ​ឡើង​ដល់ ២៣៥​ពាន់​លាន​ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW ដឹង​ថា​ខ្លួន​​នឹង​ត្រូវ​ការ​សាច់​ប្រាក់​ច្រើន​ដើម្បី​​ជា​ទន់​ដល់​បច្ចេកវិទ្យា​ថ្មី​ដែល​ទាក់ទង​នឹង​រថយន្ត​អគ្គិសនី ហើយ​វិធី​​មួយ​ដែល​អាច​ធ្វើ​បែប​នេះ​បាន​គឺ​តាម​រយៈ​ការ​លក់​​ម៉ាក​រថយន្ត Bugatti និង Lamborghini។

ដំណឹង​​នៃ​ការ​លក់​នេះ​មិន​មែន​ជា​ដំណឹង​ថ្មី​ថ្មោង​នោះ​ឡើយ។ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​គេ​បាន​លេច​ឮ​ដំណឹង​ថា​ Volkswagen ​ចង់​លក់​ម៉ាក​រថយន្ត Bugatti ទៅ​ឲ្យ​ក្រុមហ៊ុន Rimac ដែល​ភាគី​ទាំង​ពីរ​មិន​បាន​ឆ្លើយ​តប​លើ​ដំណឹង​នេះ​ឡើយ។ ចំណែក​ឯ​នៅ​ខាង​ Lamborghini ឯណោះ នាយក​ប្រតិបត្តិ​ Lamborghini ​លោក Stefano Domenicali បាន​​លា​លែង​ដំណើរ​ ទៅ​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ថ្មី​នៃ Formula 1។ ហេតុផល​មួយ​ដែល​នាំ​ឲ្យ​លោក​សម្រេច​ចិត្ត​បែប​នេះ អាច​ដោយ​សារ​ភាព​មិន​ច្បាស់​លាស់​នៃ​អនាគត​ Lamborghini ដែល​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់ Volkswagen៕

​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម