ញាក់សាច់! Toyota Prius បំបែកកំណត់ត្រាពិភពលោក Guinness World Records ជារថយន្តសុីប្រេងតិចជាងគេ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា រថយន្ត Toyota Prius បានបង្កើតកំណត់ត្រា Guinness World Records ក្នុងនាមជារថយន្តដែលសុីប្រេងទាបបំផុតពោល ៣៩,៦ គីឡូម៉ែត្រ នៅក្នុង ១លីត្រ។

ចំពោះកំណត់ត្រាថ្មីនេះ ត្រូវបានធ្វើឡើងដោយលោក Wayne Gerdes ដែលបានបើកបររថយន្ត Toyota Prius LE របស់ខ្លួនពីទីក្រុង Los Angeles ទៅទីក្រុង New York ដែលមានចម្ងាយសរុប ៥ ១៦៨ គីឡូម៉ែត្រ។ គួរបញ្ជក់ផងថា ការបើកបរនេះ ត្រូវបានឆ្លងកាត់ស្ថានភាពលំបាកជាច្រើន ដូចជាការបើកបរនៅកណ្តាលវាលខ្សាច់ Mojave ដែលមានសីតុណ្ហភាព ៤០,៥ ដឺក្រេ, ខ្យល់បក់បោកតាមឈូងសមុទ្រក្នុងប្រទេសម៉ិកស៊ិក និងការបើកបរឡើងភ្នំកម្ពស់លើសពី ២ ០០០ ម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះការទទួលបានកំណត់ត្រាថ្មីនេះ បានបំបែកកំណត់ត្រាមុននៃការបើកបរក្នុងសហរដ្ឋអាមេរិកដែលដែលមានអត្រាសុីប្រេង ២៩,៧៦ គីឡូម៉ែត្រ នៅក្នុង ១លីត្រ។

គួរឲដឹងថា កំណត់ត្រាថ្មីនេះ គឺជាកំណត់ត្រាលើកទី៣០ របស់រថយន្ត Toyota Prius បន្ទាប់ពីចេញលក់រថយន្ត Toyota Prius សេរ៊ីឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក ដែលដំណើរការដោយម៉ាស៊ីន Hybrid ២,០លីត្រ ទំហំ ១៩៤សេះ និងមានអត្រាសុីប្រេង ២៤,២៣ គីឡូម៉ែត្រ នៅក្នុង ១លីត្រ (ស្តង់ដារ EPA)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម