[ទីផ្សារបរទេស] វិបត្តិជំងឺកូវីដ១៩ រួមជាមួយវិបត្តិកង្វះឈីបសកលបានជះផលអវិជ្ជមានដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើន លើកលែងតែ Toyota ដោយសារក្រុមហ៊ុនទើបតែរាយការណ៍ពីកំណត់ត្រាប្រាក់ចំណេញប្រចាំឆ្នាំដ៏ច្រើនមិនធ្លាប់មានពីមុនមក។
ប្រាក់ចំណេញរបស់ Toyota ដែលគិតចាប់ពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺមានកំណើនរហូតដល់ ៣៦% ដែលមានសរុបចំនួនប្រមាណ ២៤,៦១ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណូលកើនឡើង ១៥% ឡើងដល់សរុបប្រមាណ ២៥៧ពាន់លានដុល្លារ។ ប្រាក់ចំណេញថ្មីនេះបានក្លាយជាប្រាក់ចំណេញខ្ពស់ជាងគេសម្រាប់ក្រុមហ៊ុន និងបានយកឈ្នះកំណត់ត្រាប្រាក់ចំណេញដែលទទួលបានកាលពីឆ្នាំ២០១៦។
ក្នុងអំឡុងពេលដូចគ្នានេះដែរ ការលក់ជាសកលក៏មានកំណើនផងដែរ ដោយបានកើនឡើងចំនួន ៧,៦% មានសរុប ៨,២៣លានគ្រឿង ដែលក្នុងនោះបានរាប់បញ្ចូលក្រុមហ៊ុនសាខារបស់ Toyota រួមជាមួយ Lexus ផងដែរ។
យ៉ាងណាក្ដីសម្រាប់លទ្ធផលប្រចាំឆ្នាំ២០២២ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន Toyota មិនមានភាពជឿជាក់ថាអាចទទួលបានលទ្ធផលលើសពីឆ្នាំ២០២១នោះទេ។ ខណៈដែលក្រុមហ៊ុនរំពឹងថាការលក់នឹងកើនឡើង ៣,១% ក្រុមហ៊ុនក៏បានរំពឹងដែរថាប្រាក់ចំណេញនឹងធ្លាក់ចុះមកនៅត្រឹម ១៩,៦៩ពាន់លានដុល្លារ។
ការរំពឹងទុកទាបនេះគឺដោយសារតែកង្វល់ជុំវិញការកើនឡើងតម្លៃនៃវត្ថុធាតុដើម, ការបារម្ភលើអត្រាអតិផរណា និងជាពិសេសនោះគឺបញ្ហានៃការផ្គត់ផ្គង់ ដែលនឹងបង្កជាបញ្ហាដល់ការផលិតរថយន្ត រួមទាំងវិបត្តិដែលកំពុងកើតមាននៅប្រទេសអ៊ុយក្រែនផងដែរ៕