កាលពីពេលថ្មីៗនេះ នៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានប្រកាសថា ពួកគេបានបើកសម្ពោងអគារតាំងបង្ហាញរថយន្តទី ៥០០ របស់ពួកគេនៅក្នុងប្រទេសសិង្ហបុរី ដើម្បីពង្រឹងវត្តមានទីផ្សារនៃការលក់រថយន្តរបស់ពួកគេនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍។
ចំពោះអគារតាំងបង្ហាញរថយន្តថ្មីនេះ មានឈ្មោះថា Zeekr Center Singapore មានកម្ពស់ ២ជាន់។
គួរបញ្ជាក់ថា នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Zeekr មានអគារតាំងបង្ហាញរថយន្តចំនួន ៤៤៧ ទីតាំង នៅក្នុងប្រទេសចិន និងចំនួន ៥៣ ទីតាំង នៅក្រៅប្រទេស និងបានដាក់គោលដៅបើកបន្ថែមចំនួន ២០ទីតាំង ទៀតនៅត្រឹមចុងឆ្នាំ២០២៤ នេះ។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Zeekr បានដាក់លក់រថយន្តរបស់ពួកគេចំនួន ២ម៉ូឌែល នៅក្នុងទីផ្សារប្រទេសសិង្ហបុរីរួមមាន ម៉ូដែល Zeekr 009 ផ្តល់ជូនទាំងជម្រើស ៦ កៅអី និង ៧ កៅអី មានតម្លៃលក់ខ្ទង់ ៣០មុឺនដុល្លារ និងម៉ូឌែល Zeekr X ដែលចេញលក់កាលពីខែសីហា ជាមួយតម្លៃលក់ខ្ទង់ ១៥មុឺនដុល្លារ។
ចំណុចគួរឱ្យកត់សំគាល់ គឺតម្លៃលក់រថយន្តទាំង ២ម៉ូឌែលនេះនៅក្នុងទីផ្សារប្រទេសសិង្ហបុរី គឺខ្ពស់ជាងប្រហែល ៥ ដង ប្រសិនធៀបនឹងតម្លៃលក់នៅក្នុងប្រទេសចិន ដោយសារតម្រូវការវិញ្ញាបនបត្រ COE (Certificate of Entitlement) និងការបង្កប់ពន្ធអាករ។
គួរឲដឹងថា មកទល់បច្ចុប្បន្ន ក្រុមហ៊ុន Zeekr បានលក់រថយន្តបានជាង ៣៦០ ០០០០ គ្រឿង នៅក្នុង ៤០ ទីផ្សារ ជុំវិញពិភពលោក និងកំពុងពង្រីកវត្តមាននៅក្នុងទីផ្សារតំបន់អាស៊ីអាគ្នេយ៍ និងទីផ្សារអភិវឌ្ឍន៍ ដូចជា អូស្ត្រាលី និងសហភាពអឺរ៉ុប៕