[ទីផ្សារបទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Toyota bZ3 ដែលជារថយន្តអគ្គិសនីសុទ្ធ បានកើនឡើងនៅចំនួនការលក់យ៉ាងខ្លាំងគួរឲ្យគត់សំគាល់ ដោយលក់បានចំនួន ៥ ៨៣១ គ្រឿងនៅក្នុងខែសីហា កើនឡើង ១០ ដងនៃចំនួននៃការលក់នៅក្នុងខែកក្កដាដែលលក់បានត្រឹមតែ ៥៩៨ គ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសចិន ។
គួរបញ្ជាក់ផងដែរថា សម្រាប់ការកើនឡើងចំនួនការលក់យ៉ាងខ្លាំងនេះ គឺដោយសារក្រុមហ៊ុន Toyota ប្រចាំនៅប្រទេសចិន បានធ្វើការកាត់បន្ថយតម្លៃរបស់រថយន្តអគ្គិសនីនេះដល់ទៅ ៥០% នៃតម្លៃពេញ ពោលគឺតម្លៃ ២២ ១៥៩ ដុល្លារ ចុះមកត្រឹមតែ ១១ ០៧៩ ដុល្លារប៉ុណ្ណោះ ។ មិនត្រឹមតែប៉ុណ្ណោះ រាល់អតិថិជនដែលបានទិញរថយន្តអគ្គិសនី Toyota bZ3 នេះ ក៏ទទួលបានប្រាក់ឧបត្តមពីរដ្ឋាភិបាលចំនួន ៤៤៣១ ដុល្លារទៀតផងដែរ ។
រថយន្តអគ្គិសនី Toyota bZ3 ផលិតនៅលើគ្រោងឆ្អឹង e-TNGA platform បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៤ សេស និង ២៤១ សេស ភ្ជាប់ដោយអាគុយទំហំ ៤៩,៩២ គីឡូវ៉ាត់ម៉ោង ដល់ ៦៥,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៧ គីឡូម៉ែត្រ ដល់ ៦១៦ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ៕