ដៃគូដឹកជញ្ជូន foodpanda ចូលរួមវគ្គបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍កាត់បន្ថយអាត្រាគ្រោះថ្នាក់ក្នុងក្រុងព្រះសីហនុ.!

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានបន្តរៀបចំជំនួបជាមួយបងប្អូនអ្នកបើកម៉ូតូដឹកម្ហូបឫដឹកទំនិញជូនភ្ញៀវ Food Panda ដើម្បីអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍និងវិធានការនានា បង្ការពីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ។

ពិធីនេះ មានវត្តមានចូលរួមពីតំណាង អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ លោកនាយការិយាលយ័នគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត និងលោកអភិបាលរងក្រុងព្រះសីហនុ និងប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូន Food Panda ព្រមទាំងមន្ត្រីជំនាញពាក់ពន្ធ័ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកអៀម សារិន អភិបាលរងក្រុងព្រះសីហនុ បានមានប្រសាសន៍ផ្តាំផ្ញើរទៅដល់ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារទាំងអស់ពិសេសក្រុមហ៊ុន Food Panda ថា បើទោះជាភ្ញៀវតឿនឲ្យប្រញ៉ាប់យ៉ាងណា ក៏ត្រូវគិតគូរពីសុវត្ថិភាព ចរាចរណ៍ផ្ទាល់ខ្លួនជាចម្បង ។ លោកបានបន្ថែមថាក្រុងព្រះសីហនុបច្ចុប្បន្ន មានហេដ្ឋារចនាសម្ព័ន្ធស្អាតផ្លូវធំទូលាយ មានច្រើនខ្សែរ សម្រាប់ធ្វើដំណើរ ចរាចរណ៍ គ្រប់មធ្យោបាយ ជាហេតុងាយស្រួលដល់បងប្អូនក្នុងការធ្វើដំណើរ និងដឹកជញ្ជូន ។ ដូច្នេះសូមបងប្អូនដៃគូដឹកជញ្ជូនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ពស់ ពិសេស គោរពសិទ្ធអ្នកដទៃ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។

លោកវរសេនីយ៍ទោ គីម សុង នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា កន្លងមកយើងឃើញថា មានគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងក្នុងក្រុងព្រះសីហនុមានច្រើន ករណីខ្លះរបួសធ្ងន់ស្រាល ហើយករណីខ្លះទៀត ក៏មានមនុស្សស្លាប់ និងអ្នកបង្កហេតុហេតុក៏ឈានដល់ការមានទោសជាប់ពន្ធធនាគារក៏មានផងដែរ ។ ដូច្នេះលោកក៏បានធ្វើបទបង្ហាញពីច្បាប់ចរាចរណ៍ផ្សេងៗ ទៅដល់បុគ្គលិកដៃគូរដឹកជញ្ជូនម្ហូបអាហារ Food Panda ដោយសង្កេតឃើញថាកន្លងមកក៏មានការប៉ះពារគ្នា និង ការរិះគន់មួយចំនួនផងដែរ ប៉ុន្តែយ៉ាងណាមិញអាជ្ញាធរមានសមត្ថកិច្ចព្យាយាមបើកវគ្គ បង្រៀនស្តីពីច្បាប់ចរាចរណ៍ ហើយក្រុមអ្នកដឹកជញ្ជូនក៏បានចូលរួមនិងបានយល់ដឹងពីច្បាប់ចរាចរណ៍នេះច្រើន ក្រោយរៀនចប់លោកសង្ឃឹមថា ដៃគូរដឹកជញ្ជូនទាំងអស់និងចូលរួមអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម