[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Baojun បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Baojun Yep ដែលជារថយន្តប្រភេទអគ្គិសនី Off-Road-style សម្រាប់ការបង្ហាញខ្លួនជាផ្លូវការនឹងធ្វើឡើងនៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2023 ក្នុងខែមេសា ជាមួយនឹងការចាប់ផ្តើមទីផ្សាររបស់ខ្លួននៅក្នុងប្រទេសចិនដែលរំពឹងទុកនៅក្នុងខែឧសភា។
Baojun Yep មានប្រវែងតួខ្លួនសរុប ៣ ៣៨១ ម.ម ទទឹង ១ ៦៨៥ ម.ម កំពស់ ១ ៧២១ ម.ម ដែលខ្លីជាង Suzuki Jimny ២១៤ ម.ម ប្រើប្រាស់នៅថាសកង់ស្ព័ររាងទំហំតូច របាំងការពារភុក កាងការពារពណ៌ខ្មៅ កាងការពារបាតក្រោម និងដំបូលដែក roof rails ត្រូវបានរួមបញ្ចូលគ្នាយ៉ាងស្អាត។
Baojun Yep នេះនៅមិនទាន់បានប្រកាសជាផ្លូវការអំពីលក្ខណៈជាក់លាក់នៅឡើយទេ តែបើយោងតាមឯកសារនៅលើក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ចិន រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំងបាន ៦៧ សេះ និងកម្លាំងរមួល ១៤០ ញ៉ូតុនម៉ែត្រ ប៉ុង ១ វិលកង់ក្រោយ មានល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ខណៈម៉ូដែលដែលមានថាមពលខ្លាំងជាងមុនជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ២ ត្រូវបានគេរំពឹងថានឹងធ្វើតាមនៅពេលខាងមុខ ដែលទំនងជានឹងនាំមកនៅភាពប្រសើរឡើងនៃសមត្ថភាពបើកបរលើផ្លូវពិបាកៗ ឬ Off-Road ផ្គួបជាមួយអាគុយលីចូម អាចបើកបរបានចម្ងាយ ៣០៣ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។
សម្រាប់ព័ត៌មានបន្ថែមអំពី Baojun Yep ក្រុមហ៊ុននឹងធ្វើការប្រកាសនៅពេលរថយន្តនេះបង្ហាញខ្លួនជាផ្លូវការនៅប៉ុន្មានខែខាងមុខនេះ រួមទាំងតម្លៃដែលនឹងដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យផ្នែកពាណិជ្ជកម្មរបស់វាផងដែរ ៕