ដំណឹងថ្មីថា BMW i7 នឹងអាចជិះបានចម្ងាយលើសពី ៤៨៣គីឡូម៉ែត្រ ពេលសាកភ្លើងពេញ

BMW កំពុង​តែ​សម្ងំ​ផលិត​រថយន្ត​ 7-Series ប្រភេទ​អគ្គិសនី ហើយ​ដំណឹង​ទាក់ទង​នឹង​រថយន្ត​នេះ​បាន​លេច​ចេញ​ជា​បណ្ដើរៗ​ហើយ។

បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Car Magazine បាន​ឲ្យ​ដឹង​ថា​រថយន្ត BMW i7 នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ឆ្នាំ ២០២៣ ដែល​អាគុយ​របស់​វា​នឹង​អាច​ផ្ទុក​ថាមពល​បាន​លើស​ពី ១០០​គីឡូវ៉ាត់​ម៉ោង​ ដែល​មាន​ន័យ​ថា​វា​នឹង​អាច​បើកបរ​បាន​ចម្ងាយ​លើស​ពី ៤៨៣​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ម្ដងៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ចុះ​ផ្សាយ​ដដែល​បាន​អះអាង​ដែរ​ថា​ BMW i7 នឹង​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ ហើយ​អាច​​​ផលិត​កម្លាំង​សរុប​បាន​ ៥៣៦​សេះ។ ប្រសិន​ដូច​នេះ​មែន BMW i7 នឹង​មិន​មាន​ថាមពល​ខ្លាំង​ជាង​ BMW i4 នោះ​ទេ ដោយ​កន្លង​មក BMW ធ្លាប់​និយាយ​ថា BMW i4 នឹង​មាន​ថាមពល​ ៥២៣សេះ។

គិត​ត្រឹម​បច្ចុប្បន្ន​នេះ​គេ​មិន​ទាន់​ដឹង​រឿង​ច្រើន​ទៀត​អំពី BMW i7 នៅ​ឡើយ​ទេ​ ដោយ​ឃើញ​ត្រឹម​រូបរាង​របស់​រថយន្ត​ពេល​បើកបរ​សាក​ល្បង​នៅ​លើ​ដង​ផ្លូវ​តែ​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម